បាត់ដំបង ៖ លោក សង ថន ដែលពីមុនគេទទួលស្គាល់ជាឧញ៉ា ត្រូវរងការិះគន់ថា ទន្ទ្រានយកដីដាំដុះប្រជាពលរដ្ឋ៦៥គ្រួសារ យកគ្រឿងចក្រកាប់ទន្ទ្រានឈូសឆាយដីព្រៃ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
តាមការអោយដឹងរបស់ប្រជាពលរដ្ឋ ៦៥ គ្រួសារនេះ រស់នៅចំណុចអូរឬស្សី-អង្គ្រង-កណ្តាល-ភ្នំកាពិញ-ភ្នំសំរោង- ភ្នំក្បាលខ្មោចស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ។
ប្រជាពលរដ្ឋថា ដីព្រៃនៅចំណុចកើតហេតុ សម្បូរសត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វក្ងោក មានទាំងហ្វូងៗ ពេលដែលោក សង ថន បានយកគ្រឿងចក្រកាប់បំផ្លាញព្រៃទាំងនោះ បណ្តាលអោយសត្វព្រៃបានរត់ហោះហើរបាត់អស់ ។ មិនត្រឹមតែកាប់ព្រៃដែលគ្មានអ្នកគ្រប់គ្រងទេ លោកបានកាប់ដំណាំពោតចំនួន១១គ្រួសារ ហើយប្រជាពលរដ្ឋប្តឺងអាជ្ញាធរមិនមានចំណាត់ការ ។ រឿងគួរអាណិតអាសូរ ២ នាក់ប្តីប្រពន្ធ ដែលតស៊ូរស់នៅស៊ីឈ្នួលគេទាំងស៊ីអត់ស៊ីឃ្លានយូរឆ្នាំមក ហើយមិនមានមុងភួយឬសំលៀកបំពាក់គ្រប់គ្រាន់ បានដាំពោតដុះបានបន្តិចបន្តួច ហើយត្រូវលោក សង ថន យកគ្រឿងចក្រឈូសឆាយបំផ្លាញចោល និងមានបំណងយកដីលំនៅដ្ឋានពួកគាត់ទៀត ។
ឈ្មោះ ឡូន ឈឿន ហៅ ពៅ អាយុ ៣៦ ឆ្នាំនិងប្រពន្ធឈ្មោះ ដូង រ៉េត អាយុ ៣៤ ឆ្នាំមានកូនតូច ៣ នាក់រស់នៅចំណុចអង្គ្រងបានអោយដឹងថា ពួកគាត់ជាជនក្រីក្រអត់ដីពីមុនមិនទាន់មានកូនស៊ីឈ្នួល គាប់គាស់ដាំដុះអោយគេ ក្រោយមកឆ្នាំ២០០៥ បានសម្ងំកាប់ព្រៃ និងកាំបិតពូថៅធ្វើខ្ទមនៅ រហូតបានដី ២ ហិកតា (មិនទាន់ស្រឡះល្អទេ) និងមានកូន ៣ នាក់ ។ នៅខែកក្កដា ឆ្នាំ២០១៤ បានដាំពោតតាមគន្លងព្រៃ បានជិត ១ ហិកតា ដុះបានប្រហែល ២ តឹក មិនមានភ្លៀងធ្លាក់ទៀត ស្រាប់តែចុងខែសីហានេះ លោក សង ថន បានយកគ្រឿងចក្រមកឈូសលើដំណាំពោតព័ទ្ធធ្វើព្រំថាជាដីរបស់គាត់ ។
លោក ប៊ុន សារ៉ាត់ យោធិនសោធននិវត្តន៍ (អតីតអនុបញ្ជាការតំបន់អភិវឌ្ឍន៍ភូមិភាគទី៥) បានអោយដឹងថា គាត់និងកូន៣គ្រួសារមានដី១០ហិកតា បានកំពង់ដាំដុះត្រូវ លោក សង ថន បានប្តឹងនិងយកគ្រឿងចក្រឈូសឆាយព័ទ្ធយកដី ដោយចោទប្រជាជនជាអ្នកយករបស់គាត់ ។ សង ថន ប្តឹងប្រជាពលរដ្ឋជាច្រើនគ្រួសារជីកស្រះទឹកអោយសង ១៥០០០ ដុល្លា ព្រោះដីដែលនៅជាដីរបស់គាត់ ។
លោក ប៊ុន សារ៉ាត់ យោធិនសោធននិវត្តន៍បានអោយដឹងថា ដីចំណុចប្រជាពលរដ្ឋកំពង់រស់នៅនេះ មិនមែនជាដីលោកសងថនទេ ។
លោក ទេស កែ ដែលមានដីនៅចំណុចនេះ បានអោយដឹងថា រូបលោកក៏មានប័ណ្ណដីនៅចំណុចនេះដែរ ដែលរបបយោធាបែងចែកនិងបានដាំដុះអាស្រ័យផលទៀតផង ។ ក្នុងនាមជាប្រជាពលរដ្ឋ ៦៥ គ្រួសារសូមលើកដៃសំពះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជួយ អន្តរាគមន៍រកយុត្តិធម៌ ដល់ប្រជាពលរដ្ឋផង ។
លោក សង ថន បានបកស្រាយអោយអ្នកសារព័តមានដឹងតាមទូរស័ព្ទ កាលព្រឹកថ្ងៃទី២៣ ខែសីហាថា ដីនៅចំណុចប្រជាជនតវ៉ាវាជាដី ខ្ញុំបានទិញតាំងពីឆ្នាំ ២០០៧ ពីមន្ត្រីការិយល័យស្រុករបបយោធិនសោធនម្នាក់៥ហិកតាសរុបចំនួន១០០ ហិកតា ។ លុះខែ ៣ ឆ្នាំ២០១៣ ឈ្មោះ ទេស កែ ឈ្មោះ ប៊ុន សារ៉ាត់ ឈ្មោះ ផល អ៊ិត និងមនុស្ស១ចំនួនទៀត បាននាំគ្នាកាប់ឆ្កាលើដីខ្លួន ដូច្នេះរូបខ្ញុំក៏ប្តឹងតែម្តង ។ ដីនៅចំណុចនេះ លោកមានសំបុត្រកាន់កាប់ត្រឹមត្រូវ បើចង់បានឯកសារទៅយកពីតុលាការចុះ ។
លោក ស៊ិន ញ៉ា អភិបាលស្រុកគាស់ក្រឡ បានអោយអ្នកសារព័តមានដឹងតាមទូរស័ព្ទ កាលរសៀលថ្ងៃទី២៣ ខែសីហាថា ដីនៅចំណុចកើតហេតុ លោក សង ថន មានឯកសារខ្លះ វាយត្រាពីរូបលោក ជាអភិបាល ឯកសារខ្លះមានវាយត្រាឈ្មោះ ណុប វុឌ្ឍី ប្រធានសូរិយោដីស្រុក ខ្លះទៀតគ្មានត្រាក៏មាន ។ ចំពោះការទំនាស់គ្នាជាមួយប្រជាពលរដ្ឋ រូបលោកបានអញ្ជើញលោក សង ថន មកសាលាស្រុក ២ ដង ដើម្បីសម្របសម្រួលជាមួយប្រជាពលរដ្ឋ តែលោកមិនចូលខ្លួនដោះស្រាយ ។
ពាក់ព័ន្ធករណីនេះ មន្ត្រីរាជការនៅស្រុកគាស់ក្រឡ មួយចំនួនមិនហ៊ានចេញមុខការពារប្រជាពលរដ្ឋ ដោយខ្លាចអំណាចលោក សង ថន ពីមុនមានងារជាឧញ៉ាបានបង្ហើបថា ដីដែលមានទំនាស់ពីមុន លោក សង ថន មានឈ្មោះកាន់កាប់មែន តែដោយមិនមានការអភិវឌ្ឍន៍ ត្រូវបាននិរាករចោល ទើបពេលនេះ លក់ដីកន្លែងផ្សេងអស់ ក៏មកដណ្តើមយកដីទាំងនេះទៀត ៕