តាមសេចក្តីរាយការណ៍ពីខេត្តកំពង់ចាមឱ្យដឹងថា មេឈ្មួញរកស៊ីឈើប្រណីតដុះស្លែម្នាក់នៅភូមិត្រើង ឃុំអូរស្វាយ ស្រុកកំពង់សៀម កំពុងបន្តសកម្មភាព រកស៊ីប្រមូលទិញ និងដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅលក់នៅស្រុកយួន យ៉ាងសុខស្រួលបំផុត គេមិនដែលឃើញជំនាញ រដ្ឋបាលព្រៃឈើ របស់លោក ប្រាក់ ណូម៉ានិងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្ក្រាប ឱ្យមានប្រសិទ្ធភាពនោះទេ។
ផ្ទុយទៅវិញមន្ត្រីនិងសមត្ថកិច្ច ជាច្រើនបានក្លាយជាកូនជឹង របស់មេឈ្មួញ សាយ ម៉េងឡាយ ក្នុងការប្រតិបត្តិការ បង្ក្រាបឈ្មួញតូចតាចដែលរកស៊ី ដឹកជញ្ជូនឈើតាមរបៀបលោតឆ័ត្រ មិនយកទៅលក់ឱ្យមេឈ្មូញ សាយ ម៉េងឡាយ ក្នុងតម្លៃថោកៗ ដែលបញ្ហានេះ គួរ លោកអភិបាលខេត្តកំពង់ចាម ពិនិត្យមើលភាពអនាធិបតេយ្យ ទាំងនេះផង ។
គួររំលឹកថា មុខជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មេឈ្មួញ សាយ ម៉េងឡាយ បានក្លាយជាមហាសេដ្ឋី លើទឹកដី ខេត្តកំពង់ចាម ប្រកបដោយឥទ្ធិពលអំណាច គ្មាននរណាហ៊ានហើបមាត់នោះទេ គឺបច្ចុប្បន្ននេះ មេឈ្មួញ សាយ ម៉េងឡាយ មានវីឡាដ៏ស្កឹមស្កៃ នៅភូមិត្រើង និងទើបតែទិញផ្ទះ ទាំងជុងៗនៅកណ្តាល ក្រុងកំពង់ចាម តម្លៃរាប់សិបម៉ឺនដុល្លារ និងមានរថយន្តស៊េរីទំនើបៗ ៣ទៅ ៤គ្រឿង។
មេឈ្មូញ សាយ ម៉េង ឡាយ ក៏មានរថយន្តយីឌុបផ្ទាល់ខ្លួន ៣ទៅ ៤ គ្រឿង សម្រាប់ធ្វើដឹកជញ្ជូនឈើ ចេញពីភូមិ ត្រើង យកទៅលក់នៅប្រទេសវៀតណាម តាមច្រកដូង៧ដើម ឬច្រកច័ន្ទមូលទាំងយប់ទាំងថ្ងៃ ជារៀងរាល់ពេល ចេញឈើម្តងៗ សមត្ថកិច្ចជាច្រើនស្ថាប័ន ជួយសម្របសម្រួលរត់ការប៉ាវផ្លូវធានាឱ្យការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ សាយ ម៉េងឡាយ ដំណើរការដោយរលូន ។
អ្នករកស៊ីឈើតូចតាចមួយចំនួន បានលើកឡើងថា មេឈ្មួញ សាយ ម៉េងឡាយ មានខ្សែបណ្តាញចាំប្រមូលទិញឈើ ពីប្រជាពលរដ្ឋ ដែលឆ្លងដែនចូលទៅកាប់ឈើប្រណីត នៅតាមបណ្តោយព្រំដែនសៀម ដឹក តាមរថយន្តយីឌុប ចេញពីខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ យកមកស្តុកទុកក្នុងឃ្លាំង និងជាផ្ទះវីឡាដ៏ស្កឹមស្កៃ របស់គាត់ នៅភូមិត្រើង។ ពេលប្រមូលឈើ បានគ្រប់ចំនួនហើយ មេឈ្មួញ សាយ ម៉េងឡាយ បានទំនាក់ទំនងទៅ កាន់ថៅកែឈើ ដ៏ធំ ដែលមានទីតាំងទទួលទិញឈើ នៅជាប់ព្រំដែនវៀតណាម ហើយឈ្មួញដ៏មានឥទ្ធិពល រួមមានឈ្មោះ វុធ និងឈ្មោះ ហួច ដែលពួកគេមានទីតាំង ស្តុកឈើជាច្រើនកន្លែងក្នុងភូមិបេង ឃុំដារ ស្រុកមេមត់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អ៊ុក រ៉ាប៊ុន មិនគួរមើលរំលង ពីភាពអនាធិបតេយ្យនៃ ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ សាយ ម៉េងឡាយ ដែលកំពុងតែអួតក្រអឺតក្រទម នោះទេ ។ គេដឹងថាឈ្មោះ សាយ ម៉េងឡាយ មានឃ្លាំងស្តុកឈើធំៗ ដល់ទៅ ២កន្លែង នៅចំណុចភូមិត្រើង ឃុំអូរស្វាយ និងមានរថយន្តយីឌុប ចំនួន ២គ្រឿង សម្រាប់ដឹកឈើចេញទៅព្រំដែនយួនហើយមួយរយៈចុងក្រោយនេះ យួននិងចិនមានបញ្ហា ជម្លោះព្រំដែន ធ្វើឱ្យរាំងស្ទះដល់ការនាំចេញឈើរបស់ឈ្មោះ សាយ ម៉េងឡាយ ដែលរហូតមកដល់ពេលនេះ ឈើគ្រញូង ធ្នង់ បេង នាងនួននៅស្ទះពេញឃ្លាំង និងផ្ទះរបស់ឈ្មោះ សាយ ម៉េងឡាយ។
អ្នករកស៊ីតូចតាចដទៃទៀត ដែលដឹកជញ្ជូនឈើតាមរថយន្តតូចៗ មកពីបណ្តាខេត្តប៉ែកខាងជើង ហើយឈើមួយ ចំនួនទៀត ដែលត្រូវបានដឹកជញ្ជូន តាមផ្លូវជាតិលេខ៥ ឡើងតាមស្ពានព្រែកក្តាម បានយកទៅលក់ឱ្យមេឈ្មួញ សាយ ម៉េងឡាយ ក្នុងតម្លៃថោកៗ ព្រោះអ្នករកស៊ីតូចតាច មិនអាចមានលទ្ធភាពដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាម ដោយខ្លួនឯងបាននោះទេ គឺប្រឈមនឹងការបង្ក្រាប ពីសមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលជាបរិវារ ឬជាកូនជឹង របស់ឈ្មួញ សាយ ម៉េងឡាយ។
ដូចជា ការដឹកជញ្ជូនឈើយកទៅលក់ នៅភូមិត្រើង របស់ឈ្មួញតូចតាចជាច្រើន រកប្រាក់ចំណេញ មិនឃើញទេ ព្រោះមេឈ្មួញ សាយ ម៉េងឡាយ បានឱ្យតម្លៃក្នុងការទិញឈើ ថោកជាងតម្លៃ ទីផ្សារ ដល់ទៅជិតពាក់កណ្តាល ឯណោះ ។
ប្រសិនបើសមត្ថកិច្ចចម្រុះ ឬឯកឧត្តម រដ្ឋមន្ត្រីកសិកម្ម គួរតែស៊ើបអង្កេត និងបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ សាយ ម៉េងឡាយ អាចចាត់ទុកជារឿងល្អបំផុត ព្រោះឈើកំពុងតែកកស្ទះពេញឃ្លាំង ប្រសិនបើ សមត្ថកិច្ចចុះទៅឡោមព័ទ្ធ ឆែកឆេរច្បាស់ជាមេឈ្មួញ សាយ ម៉េងឡាយ គ្មានលទ្ធភាពក្នុងការជញ្ជូនឈើ ចេញពីឃ្លាំងនោះទេ ។ ហើយបញ្ហានេះគួរ ឯកឧត្តម ប្រធានរដ្ឋបាលព្រៃឈើ គួរតែស៊ើបអង្កេតពីបញ្ហា ខាងលើនេះផង ។/