បាត់ដំបង ៖ ប្រព័ន្ធលូរំដោះទឹក ១ ខ្សែ មានប្រវែង ១,០៧០ ម៉ែត្រមានមុខកាត់០,៨ម៉ែត្រ និងបន្ទប់រីហ្គា ចំនួន ៤២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥ ពីរង្វង់មូលព្រះនរាយណ៍ ទៅដល់លូគយធ្លាក់ (ក្បែរហាងគោដុត៧២) ជាអំណោយប្រទេសជប៉ុន ត្រូវបានដាក់សម្ពោធក្រោមអធិបតីភាព លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោកអ៊ីអ៊ីស៊ីកាតូម៉ុហ៊ីរ៉ូ លេខាទី ២ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នៅមុខសង្កាត់អូរចារក្រុងបាត់ដំបង ។
វត្តមានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសលោកអភិបាលរងខេត្ត មេបញ្ជាការប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងលោកអភិបាលក្រុងលោកក្រុមប្រឹក្សាក្រុងសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់អូរចារ ។
លោកស្រី កឹម សុគន្ធារី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអោយដឹងថា ប្រព័ន្ធលូរំដោះទឹក១ខ្សែ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៥ ពីរង្វង់មូលព្រះនរាយណ៍ ទៅដល់លូគយធ្លាក់ (ក្បែរហាងគោដុត៧២) មានមុខកាត់០,៨ម៉ែត្រ មានប្រវែង១,០៧០ម៉ែត្រ និងបន្ទប់រីហ្គាចំនួន៤២ គឺជាជំនួយសប្បុរសធម៌របស់ប្រទេសជប៉ុន សំរាប់សន្តិសុខមនុស្សជាតិ ថ្នាក់មូលដ្ឋាន គូសាណូណិ សាងសង់ដោយក្រុមហ៊ុនតាំងចេងអ័ង រួមមានដូចជា ៖ វ៉ាស់ស្ទង់គំណត់នីវ៉ូបាតលូ ចាក់មុខលូកាត់០,៨ម៉ែត្រ។ ជីកប្រឡាយទទឹង១,៥ម៉ែត្រ និងជម្រៅទទឹង១,៨ម៉ែត្រ ដោយក្រាលថ្មម៉ិចកំរាស់០,២ម៉ែត្រ និងក្រាលខ្សាច់ធ្វើបាតលូ ដាក់លូ ដោយផ្សារមុខតំណរួចលុបខ្សាច់សងខាងស្មើខ្នងលូ លុបដីដោយកិនបង្ហាប់ រៀបថ្ម៤គុណ៦ ចាក់ឡប់ឡេរបាត បន្ទប់រីហ្គា ចាក់ពុម្ពរីហ្គារួចគម្របបិទ រៀបចំផ្លាកជំនួយចំនួន២ (ខាងដើម១ខាងចុង១) និងបាញ់រូបសញ្ញាទង់ជាតិប្រទេសជប៉ុននៅតាមរីហ្គា រៀបចំដាក់សម្ភារៈ និងកៀរសំអាតការដ្ឋាន ព្រមទាំងបាញ់ទឹកលាងថ្នល់ ។
បន្ទាប់ពីការងារសាងសង់ប្រព័ន្ធលូនេះរួច ប្រជាជនប្រមាណ២ម៉ឺននាក់ ស្មើនឹង៣៩៨០គ្រួសារ ដែលបានទទួលផលគម្រោងនេះ ជាពិសេសស្ត្រីនិងកុមារ ជនចាស់ជរាដែលជាងាយរងគ្រោះជាងគេ បានរួចផុតចាកពីការលិចលង់ ដោយការគ្មានប្រព័ន្ធរំដោះទឹក ដូចដែលតំណាងទូតជប៉ុនបានចុះមកធ្វើសម្ភាសជាមួយប្រជាពលរដ្ឋផ្ទាល់ ។ ហើយម្យ៉ាងទៀត ហេដ្ឋារចនាសម្ព័ន្ធផ្លូវនេះ ដែលធ្លាប់តែរួមចំណែកយ៉ាងធំនូវការខូចខាតផ្លូវថ្នល់ដោយការលិចលង់ និងឈប់មានបន្តទៅទៀតដែរ ។
ទាំងនេះបញ្ជាក់ថា ជំនួយសប្បុរសធម៌របស់ប្រទេសជប៉ុន សំរាប់សន្តិសុខមនុស្សជាតិថ្នាក់មូលដ្ឋានគូសាណូណិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សំរាប់ប្រជាជនកម្ពុជាជាពិសេសអ្នកក្រុងបាត់ដំបង ។ នេះសំដៅរួមចំណែកជុំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍សង្គមឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូរទាំងប្រទេស ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានអោយដឹងថា នៅប៉ុន្មានឆ្នាំមុន ប្រៀបធៀបមកបច្ចុប្បន្នយើងឃើញថា ប្រទេសជាតិយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយឡែកខេត្តបាត់ដំបង មានការប្រែប្រួលនិងរីកចំរើនច្រើនណាស់ នេះសបញ្ជាក់ថា ជីវភាពប្រជាពលរដ្ឋក៏មានការប្រែប្រួលដែរ ។ កន្លងមក នៅរដូវភ្លៀងទឹកភ្លៀងតែងតែបង្កការលិចលង់ទីក្រុង និងផ្លូវជាតិព្រមទាំងផ្លូវនានា ក្នុងខេត្តបាត់ដំបង ជាហេតុនាំអោយមានការខូចខាតផ្លូវ និងមានការលំបាកដល់ប្រជារាស្ត្រ ក្នុងក្រុង ដោយត្រូវរស់នៅត្រាំក្នុងទឹកព្រមទាំងបង្កជាជម្ងឺដង្កាត់ផ្សេងៗផង។ប៉ុន្តែក្រោយពីរៀបចំប្រព័ន្ធលូរំដោះទឹកនេះ ពិតជាមានសារៈសំខាន់បំផុតសំរាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ព្រមទាំងបានជួយថែរក្សានូវសុខភាពសុវត្ថិភាពក្នុងការរស់នៅ ជាពិសេសជួយកាត់បន្ថយការខូចខាតផ្លូវជាតិនិងផ្លូវនានាក្នុងក្រុង ។
ឯកឧត្តម ច័ន្ទ សុផល ក៏បានបញ្ជាក់ និងណែនាំផងដែរ សូមប្រជាពលរដ្ឋជួយថែទាំប្រព័ន្ធលូរំដោះទឹកនេះ អោយបានល្អផងកុំចោលកាកសំណល់រឹងចូលក្នុងលូ នាំអោយមានការកកស្ទះជាដើម ៕