ខេត្តបាត់ដំបង: អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង ដោយស្ត្រីជាប្រពន្ធ បានយកកាំបិតខ្វែវកាប់ទៅលើ បុរសជាប្តី០៣កាំបិត រងរបួសយ៉ាងធ្ងន់ធ្ងរ នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។
លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគរបាល ស្រុកថ្មគោល បានអោយដឹងថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ២១:០០នាទី មានករណីបទហឹង្សាដោយចេតនាមានអាវុធមួយកើតឡើង បង្កដោយឈ្មោះ លួម យ៉ង ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល បានប្រើប្រាស់កាំបិតខ្វែវកាប់ទៅលើប្តីឈ្មោះ សេក សារឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ចំនួន ០៣កាំបិត ត្រូវចំក្បាល។ ក្រោយកើតហេតុ សមត្ថកិច្ចស្រុកថ្មគោលបានធ្វើការឃាត់ខ្លួនជនសង្ស័យ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕