ខេត្តបាត់ដំបង ៖ យុវជនវ័យជាង២០ឆ្នាំ២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីវេលាម៉ោង ១៨.៣០នាទី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥៧A ត្រង់ចំណុច ក្រុមទី១៨ ភូមិគោកពន្លៃ សង្កាតអូរម៉ាល់ ក្រុង.ខេត្ត បាត់ដំបង ។
ហេតុការណ៍ខាងលើកើតឡើងដោយសារ រថយន្ដម៉ាកស៊ាំយ៉ុង១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2.A 9837 បើកក្នុងទិសដៅពីលិចទៅកើត ហើយបានឈប់នៅកន្លែង គយចល័ត ដើម្បីត្រួតពិនិត្យទំនិញ បន្ទាប់មកស្រាប់តែមាន ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ ពណ៍ខ្មៅ គ្មានស្លាកលេខ បានបើកបរក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយរថយន្ដ បណ្ដាលឲ្យយុវជន២នាក់ បោកទង្គិចទៅនិងរថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯម៉ូតូរងការខូចខាត១កំណត់មុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការខេត្តបាត់ដំបង បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ដល់កន្លែងកើតហេតុ ដើម្បីធ្វើគំនូសហេតុ និងរៀបចំសំណំ ឯកសារ ទៅតាមផ្លូវច្បាប់ និងដឹកជញ្ជូនសាកសព ទៅប្រគល់ជូនសាច់ញ្ញាតិ ដើម្បីទទួលយកធ្វើបុណ្យតាមប្រពៃណី ។
ចំណែកយានយន្តពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅរក្សាទុកនៅ ស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីរងចាំម្ចាស់ចូលទៅធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ នាពេលក្រោយ ៕