បន្ទាយមានជ័យ៖ ក្រុមអាជីវករ និងកម្មករខ្មែរជិត២០០នាក់ តវ៉ាអោយភាគីថៃបន្ធូរបន្ថយការនាំទំនិញចេញចូលនៅផ្សាររោងគ្លឿនិងដោះលែងកម្មករខ្មែរ១៦នាក់ដែលបានអូសទំនិញខោអាវ ត្រូវភាគីថៃចាប់ទាំងទំនិញចាប់ទាំងមនុស្សដោយគ្មានហេតុផលច្បាស់លាស់ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ នៅច្រកអន្តរជាតិប៉ោយប៉ែតសង្កាត់ក្រុង ប៉ោយប៉ែត។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានចុះទៅជួបភាគីថៃ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលបញ្ហាទាំងនេះ ។ ភ្លាមនោះគេឃើញអាជ្ញាធរថៃ ដែលដឹកនាំដោយរបបយោធា បានបង្កើនការរឹតត្បិត ចំពោះ ការប្រកបអាជីវកម្មរបស់បងប្អូនខ្មែរ និងកម្មករ អូសរទេះ ។
បើតាមការអះអាងពីក្រុមអាជីវករ និងកម្មករបានអោយដឹងថា គឺ ទាហានឈុតខ្មៅ តម្រួតថៃ បានចុះទៅពិនិត្យការលក់ដូរ និងរឹបអូសទំនិញរបស់អាជីវករខ្មែរ នៅក្នុងផ្សារ ដោយចោទប្រកាន់ថា លក់ដូរមុខទំនិញខុសច្បាប់ និងគ្មានស្លាកយីហោត្រឹមត្រូវ ដោយមិនបានបញ្ជាក់ថា តើទំនិញអ្វីដែរមិនអនុញ្ញាត និងយីហោប្រភេទណាត្រូវចាប់ទេ ។
ក្រោយបញ្ចេញសកម្មភាពចាប់តាមតូប តាមកន្លែងដាក់់លក់ អាជ្ញាធរថៃបានបន្តរឹតបន្តឹង និងការអូសទំនិញគ្រប់ប្រភេទ គឺនៅតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត រហូតធ្វើឲ្យប្រជាពលរដ្ឋ ខ្មែរទាំងនេះ នាំគ្នាប្រមូលផ្តុំតវ៉ាតែម្តង ។
ពួកគាត់បានបន្តថា ចាប់ឃាត់ខ្លួនក្រុមកម្មករអូសរទះចំនួន១៦នាក់ គ្រាន់តែដឹកទំនិញចូលទៅ ដោយទំនិញទាំងនេះគឺពួកគាត់ធ្លាប់ដឹកជញ្ជូនទៅដូចសព្វដង និងការឃាត់ខ្លួនពួកកម្មករគឺភាគីថៃបានប្រាប់ថា បើចង់ចេញពីកន្លែងពួកគេទាល់តែយកលុយមកប្តូរក្នុងម្នាក់១០ម៉ឺនបាត ទើបចេញបានវិលត្រឡប់មកផ្ទះសំបែងវិញ ។
យ៉ាងណាក៏ដោយ រហូតមកដល់ លទ្ធផលនៃជំនួបពិភាក្សារវាង អភិបាលក្រុងប៉ោយប៉ែត និងភាគីថៃ នៅលើស្ពានមិត្តភាពកម្ពុជា ថៃ មិនទាន់ដឹងនៅ ឡើយទេ ខណៈដែលបងប្អូនប្រជាពលរដ្ឋខ្មែរ នៅបន្តប្រមូលផ្តុំ ជាច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅឡើយ ។
ការរំសាយជួបជុំគ្នាខាងលើនេះ ក្រោយពីភាគីថៃ បានយល់ព្រមដោះលែង ពលករខ្មែរ ១៦នាក់ ដែលត្រូវភាគីថៃចាប់ខ្លួន ដោយចោទថា នាំទំនិញខុសច្បាប់ទៅលក់ ក៏ប៉ុន្តែប្រសិនជាក្នុងថ្ងៃនេះមិនឃើញមានការដោះលែងទេ ពួកគាត់និងបន្តធ្វើសកម្មភាព តវ៉ា រហូតទាល់តែដោះលែង។
មកដល់ពេលនេះក្រុមអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា បានចូលទៅចចារជាមួយភាគី ក្រោមការដឹកនាំពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ៕