ភ្នំពេញ ៖ លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថារសៀលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានធ្វើការសហការជាមួយនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានបើកប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតនៅថ្នាំញៀនចំនួន ២៣កញ្ចប់ កាលពីវេលាម៉ោង ១និង៥០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៦ ដែលស្ថិតនៅផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងប្រតិបត្តិបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់នោះ ជាជនជាតិវៀតណាម ដោយក្នុងនោះ មានការចូលរួមសម្របសម្រួលពីលោក ចែ សុង ព្រះរាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
លោក ណយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌខណ្ឌ បានអោយដឹងដែរថា ក្នុងប្រតិបតិ្តការបង្ក្រាបខាងលើ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់នោះទី១ មានឈ្មោះ លី យាំងប៊ូ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក, ទី២ ឈ្មោះ វៀង យ៉ាងទី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕