ខេត្តរតនគីរី៖ សកម្មភាពដឹកឈើប្រណីតរបស់មេការក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ឈ្មោះ លាង ច័ន្ទមុនី ទៅប្រទេសវៀតណាមតាមស្រុកអូរយ៉ាដាវ បានកក្រើកឡើងវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
តាមសេចក្តីរាយការណណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ មេការក្រុមហ៊ុនឧកញ៉ា ទ្រី ភាព បានសម្រុកដឹកឈើគ្រប់ប្រភេទចេញពីខេត្តរតនគិរី តាមរថយន្តយីឌុបធំៗយ៉ាងគគ្រឹកគគ្រេង ដូចហែកឋិន ខណៈលោកឧកញ៉ា ទ្រី ភាព ធ្លាប់បានប្រកាសក្តែងៗថា មិនមានការពាក់ព័ន្ធទៅនឹងសកម្មភាពកាប់ឈើនៅខេត្តរតនគិរីឡើយ។
តាមសេចក្តីរាយការណ៍នេះ យ៉ាងហោចណាស់នៅចំណុចអតីតឃ្លាំងក្រុមហ៊ុនឧកញ៉ាទ្រីភាពចាស់ ស្ថិតក្នុងភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគីរី គេសង្កេតឃើញមានរថយន្ដយីឌុប ដែលមានបិតឡោហ្គោ ក្រុមហ៊ុន ទ្រី ភាព ចំនួន៣គ្រឿង ដែលផ្ទុកទៅដោយឈើពេញៗ ដឹកចេញទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ។
សួមបញ្ជាក់ថា ដេប៉ូស្តុបឈើនេះ នៅខាងក្រោយ ផ្នែករដ្ឋបាលព្រៃឈើវ៉ីនសៃ តែម្ដង ហើយឈើទាំងឡានៗត្រូវបានលោក លាង ចន្ទមុនី ប្រមូលទិញ និងដឹកជញ្ជូនយកទៅស្តុកទុកនៅក្នុងឃ្លាំងស្ថិតក្នុងភូមិកាចូន ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចហើយទើបដឹកជញ្ជូនចេញពីឃ្លាំងបន្តទៀត ។
ជាមួយគ្នានេះដែរ នៅចំណុចភូមិកាចូននេះដែរ គេឃើញមានឃ្លាំងស្តុបលាក់ទុកឈើប្រណិត ប្រមាណពីរកន្លែងធំៗដែលស្គាល់ថា ជាឈើរបស់លោក ម៉េង សាម៉ូម ដែលគេដឹងថា ជាមេឈ្មួញដ៏ធំម្នាក់ប្រមូលទិញឈើជាយួរឆ្នាំមកហើយ ដោយពុំដែលឃើញមានមន្ត្រីណាម្នាក់ហ៊ានទៅក្បែនោះទេ ពីព្រោះលោក ម៉េង មានខ្នងបង្អែកអ្នកធំក្នុងខេត្តរតនគិរីនៅពីក្រោយ។
ទាក់ទងនឹងសកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងនៅខេត្តរតនគិរីនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីតាមទូរស័ព្ទបានទេ។ ចំណែកលោក លាង ចន្ទមុនី ធ្លាប់បានប្រាប់ ថា ច្បាប់របស់ក្រុមហ៊ុនឧកញ៉ាទ្រីភាព ពុំទាន់ផុតសុពលភាពនៅឡើយទេ ៕