(បន្ទាយមានជ័យ)៖ លោកធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងនគរបាលក្រុង ជាច្រើននាក់ចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀនចំនួន២ទីតាំង ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកធិន ស៊ិនដេត អធិការក្រុងបានប្រាប់ ថា ក្រោយពីមានការដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាកលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រហូតឈានមកការបង្ក្រាបជាបន្តបន្ទាបដូចជាភ្លៀងរលឹម។
លោកបន្តថា គោលដៅទី១ ក្នុងសង្កាត់ប៉ោយប៉ែត ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយចំនួន២ថង់តូច ជញ្ជីងសំរាប់ថ្លឹង ១, ដបកែឆ្នៃសម្រាប់ជក់២,ទូរស័ព្វដៃ ២គ្រឿង, ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន, ដាវសាមូរ៉ៃ១, ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ជនសង្ស័យ ទី១ .ឈ្មោះ ស៊ិ សុវណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ (អ្នកជួញដូរគ្រឿងញៀន) ទី២ .ឈ្មោះ ឈន រ៉ាភី ភេទប្រុស អាយុ ១៧ឆ្នាំ (អ្នកប្រើប្រាស់) និងទី៣ .ឈ្មោះ ឈន ម៉ារ៉ាឌី ភេទស្រី អាយុ ២៤ឆ្នាំ (អ្នកប្រើប្រាស់) ។ គោលដៅទី២ ក្នុងសង្កាត់ផ្សារកណ្តាល ដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយចំនួន ២៣ កញ្ចប់តូច ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ទី១.ឈ្មោះ ណែម ប៊ុនធឿន ភេទប្រុស អាយុ ២៤ឆ្នាំ (អ្នកជួញដូរគ្រឿងញៀន) ទី២.ឈ្មោះ ជា ពន្លក ភេទប្រុស អាយុ ២៣ឆ្នាំ (អ្នកប្រើប្រាស់) ទី៣.ឈ្មោះ ម៉ែន លីហេង ភេទប្រុស អាយុ ១៨ឆ្នាំ (អ្នកប្រើប្រាស់) និងទី៤.ឈ្មោះ ឈុន គឹមស៊ា ភេទប្រុស អាយុ ៥៦ឆ្នាំ (អ្នកជក់កញ្ឆា)។
បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿងជនសង្ស័យខាងទាំងអស់ និងភស្តុតាងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕