ខេត្តកណ្តល ៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២១B ពីចំណុចគល់ស្ពានព្រែកចាមរហូតដល់ចំណុចគល់ស្ពានព្រែកតាហ៊ីង ជាពិសេសម្តុំផ្សារកោះធំ ។
លោកវរៈសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា តាបញ្ចាពីឯកឧត្តមឧត្តមអ៊ាវ.ចំរើនស្នងការខេត្តបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ដោយបានពិនិត្យឃើញថាមានភាពអណាធិបតេយ្យរបស់អាជីវករ យកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរបង្កឲ្យបាត់បង់សោភ័ណភាព ពិសេសកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ២១B ។ នៅព្រឹកនេះលោកបានបញ្ជាឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ២១B ពីចំណុចគល់ស្ពានព្រែកចាម រហូតដល់ចំណុចគល់ស្ពានព្រែកតាហ៊ីង ។
លោកអធិការបានបន្តថា នាឱកាស់ចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានធ្វើការពន្យល់ ណែនាំ អោយអាជីវករឈប់យកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ហើយរកកន្លែងណាសមរម្យលក់ដូរវិញ និងណែនាំប្រជាពលរដ្ឋមួយមិនឲ្យយកសម្ភារៈ ឬអាចម៍ដី ដីខ្សាច់ចាក់លើចិញ្ចើមផ្លូវ ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានហៅអ្នកទទួលយកភាស៊ីផ្សារកោះធំ មកណែនាំអោយជួយសហការកុំមានភាពរញ៉េរញ៉ៃនៅក្នុងបរិវេណផ្សារ និងថែរក្សាអនាម័យឲ្យបានល្អប្រសើរ ៕