បាត់ដំបង៖គ្រឿងចក្រជាច្រើនគ្រឿងត្រូវបានក្រុមឈ្មួញយកទៅធ្វើសកម្មភាពជីកកកាយនៅក្នុងអាងភៀសដែលជាតំបន់ព្រៃលិចទឹកស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ម្ចាស់ប្រាប់ថាមានច្បាប់ តែខាងអាជ្ញាធរស្រុកបានត្រឹមឆ្លើយដាក់គ្នា។
យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានអោយដឹងថា៖អាងភៀសខាងលើគឺមានទំហំរាប់ពាន់ហិកតាស្ថិតក្នុងតំបន់ពីរដែលជាតំបន់ព្រៃលិចទឹកហើយត្រូវបានអាជ្ញាធរបិទភ្នែកអោយអ្នកមានលុយទន្ទ្រានយកធ្វើស្រែនិងបានយកគ្រឿងចក្រទៅជីកកកាយជារណ្តៅនិងប្រឡាយតាមគ្រប់រូបភាពដើម្បីរក្សាទុកយកត្រីហើយមិនដែលឃើញមានមន្ត្រីជំនាញឬអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅមើលឡើយពួកគាត់បានត្រឹមឆ្លើយដាក់គ្នាពីមួយទៅមួយហាក់ដូចជាមានការឃុបឃិតគ្នាជាប្រព័ន្ធ។
ប្រភពបន្តថា៖ម្ចាស់គ្រឿងចក្រទាំងនោះត្រូវបានគេស្គាល់ឈ្មោះ ឆប និងឈ្មោះលៀបហើយពួកគេតែងលួចធ្វើសកម្មភាពស៊ីឈ្នួលជីកកកាយ ពាសវាលពាសកាល ដោយគ្មានច្បាប់ ទំលាប់ ដោយមានការ ឃុបឃិតគ្នា ក្រៅផ្លូវការ។
លោកជួង សុភា នាយសង្កាត់រដ្ឋបាលជលផល បានប្រាប់ សារព័ត៌មានយើង កាលពីព្រឹកមិញនេះថា ៖ បញ្ហាគ្រឿងចក្រ ចូលទៅជីកកកាយនៅក្នុងអាងភៀសនៅតំបន់ព្រៃលិចទឹកខាងលើនេះរូបលោកមិនបានដឹងទេសួរទៅខាងសង្កាត់ទៅ។
លោកអ៊ុង យួម នាយសង្កាត់រដ្ឋបាលជលផលស្រុកឯកភ្នំបានប្រាប់ផងដែរថាលោកមិនទេប្រហែលជាគេបានសុំទៅស្រុកហើយមើលទៅ។
លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំ ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើលោកបានប្រាប់ផងដែរថា៖ការកាយរណ្តៅនិងប្រឡាយខាងលើនេះគឺមិនមានច្បាប់អនុញ្ញាតទេហើយលោកក៍មិនមានការពាក់ព័ន្ធអ្វីដែរព្រោះរឿងនិងគេធ្វើបួន ប្រាំឆ្នាំមកហើយហើយលោកទើបនិងឡើងមកថ្មី ៕