ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនលោកយាយចិត្តកំណាចវាយដំ ធ្វើទារុណកម្មលើចៅស្រីបង្កើត ដោយប្រើអំពើហិង្សារហូតដល់មានស្លាកស្នាម ពេញក្បាល ដងខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីធ្វើការសាកសួរទៅលើជនរងគ្រោះជា ចៅស្រីរបស់យាយចិត្តខ្មៅ ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរផ្ទះជនរងគ្រោះថា មានជីដូនចិញ្ចើមចៅស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវបានគាត់វាយធ្វើបាបស្ទើររាល់ថ្ងៃ និងប្រើអំពើហិង្សារហូតបណ្តាលឲ្យចៅស្រីមានរបួសស្នាម ពេញក្បាល និងដងខ្លួន ទើបកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ និងរំដោះក្មេងស្រីរងគ្រោះមកមន្ទីរពេទ្យ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជីដូនដែលត្រូវជាយាយចៅស្រីជនរងគ្រោះបានវាយធ្វើបាបចៅ ដោយប្រើអំពើហិង្សាស្ទើររាល់ថ្ងៃ និងបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ។ សមត្ថកិច្ចបន្តថា ក្រោយពីទទួលចម្លើយរបស់ក្មេងស្រីរងគ្រោះទើបសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនលោកយាយចិត្តខ្មៅវាយធ្វើបាបចៅស្រីបង្កើតខ្លួនឯងរហូតមាន របួសស្នាមពេញខ្លួនមកកងរាជាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាម នីតិវិធីច្បាប់៕ ទីបំផុតតុលាការបានសម្រេចឃុំខ្លួនជីដូនចិត្តកំណាច ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការធ្វើទារុណកម្មលើចៅស្រីបណ្តាលឱ្យមានរបួសស្នាមពេញខ្លួន ។
កម្លាំង សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីចិត្តកំណាចម្នាក់នេះកាលពីថ្ងៃទី២២ កក្កដា ២០១៦ យោងលើពាក្យបណ្តឹងរបស់ឈ្មោះសេង សុដាវីន ភេទស្រី អាយុ២៥ឆ្នាំ ជាបុគ្គលិកវិទ្យុ ABC របស់អាចារ្យអេ ។
តាមបណ្តឹងរបស់ឈ្មោះ សេង សុដាវីន បានចោទប្រកាន់ស្ត្រីឈ្មោះ សុខ ផល្លី ពីបទបានប្រព្រឹត្តអំពើធ្វើទារុណកម្មលើក្មេងស្រី ជាចៅយ៉ាងឃោរឃៅបំផុត ។ ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី២២ កក្កដា ២០១៦ វេលាម៉ោងប្រហែល១១ និង៣០នាទីព្រឹកនាងបានទទួលព័ត៌មានតាមរយៈទូរស័ព្ទថា មានករណីជីដូនវាយចៅស្រី ដោយប្រើដំបងធ្វើទារុណកម្ម នៅក្នុងទីតាំងរោងចក្របីជាន់ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ជាផ្ទះរបស់គាត់ (ជីដូន) ។
ក្មេងស្រីរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា ចាប់តាំងពីនាងដឹងក្តីមក បានរស់នៅជាមួយជីដូនរហូតនិងបានដឹងថា ម្តាយបង្កើតរបស់នាងឈ្មោះ សុខ ចន្ធូ តែនាងមិនដែលបានជួបមុខម្តាយនោះទេ ។
កុមារីរងគ្រោះ បានបន្តថា នាងបានរស់នៅក្នុងគ្រួសារលោកយាយឈ្មោះសុខ ផល្លី ដែលមានសមាជិក៤នាក់ ជារៀងរាល់ថ្ងៃពួកគេ តែងតែប្រើនាងឱ្យធ្វើការគ្រប់បែបយ៉ាង នៅក្នុងផ្ទះនេះ ដូចជា ដាំបាយ លាងចាន បោកគក់ខោអាវ លាងទ្រុងមាន់ ។ល។ នៅពេលធ្វើការងារទាំងអស់នោះ ជីដូនឈ្មោះសុខ ផល្លី មិនដែលពេញចិត្តទេ ហើយតែងតែវាយនាង និងខ្សែភ្លើង ឈើជ្រុង វាយដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម បណ្តាលឲ្យរងរបួសស្ទើគ្រប់កន្លែង ។ ជាក់ស្តែង នៅថ្ងៃទី២១ កក្កដា នាងត្រូវយាយវាយឱ្យរងរបួសពេញខ្លួន និងបែកក្បាលធ្ងន់ធ្ងទៀតផង ។
តុលាការ បានសម្រេចឃុំខ្លួនស្ត្រីជាជីដូនជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី២៥ កក្កដា ហើយបើសិនជាការស៊ើបអង្កេតទៅរកឃើញថា ជនត្រូវចោទមានពិរុទ្ធភាពមែននោះ បទល្មើសនេះតម្រូវឲ្យផ្តន្ទាទោសស្ត្រីជាជីដូនដាក់ពន្ធនាគារកំណត់ ពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល ៕