កម្មករផលិតស្បែកជើងជាង២០០នាក់មកពីរោងចក្រអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅសាលាស្រុកសំពៅលូនដោយមិនចូលធ្វើការងារព្រោះតែមិនឃើញមានការដោះស្រាយជូនដល់ពួកគាត់បន្ទាប់ពីមានការតវ៉ាដូចគ្នាច្រើនលើកច្រើនសារកន្លងមក។
កម្មករនៅក្នុងការតវ៉ានេះបានបញ្ជាក់ថា ពួកគាត់ទាមទារឱ្យខាងភាគីរោងចក្រគោរពសិទ្ធិការងារនិងឧបត្ថម្ភប្រាក់ឱ្យបានសមស្របតាមគោលការណ៍ច្បាប់ដែលថៅកែរោងចក្រជនជាតិថៃបានរំលោភសិទ្ធិការងារធ្ងន់ធ្ងរមិនគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្រសួងការងារដោះស្រាយវិវាទការងារឱ្យភាគីរោងចក្រទទួលយកកម្មករចូលធ្វើការងារវិញ ក៏ប៉ុន្តែភាគីរោងចក្របដិសេដ្ឋមិនទទួលយកកម្មករមួយចំនួនឱ្យចូលធ្វើការងារវិញឡើយ ។
ការអូសបន្លាយពេលវេលាយូរមិនឃើញមានការដោះស្រាយនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករជាខ្លាំងត្រូវប្រឈមនិងការខ្វះខាតថវិកាបង់ថ្លៃផ្ទះជួល បង់ថ្លៃទឹកភ្លើងនិងចំណាយផ្សេងៗជាច្រើនទៀត។
លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូនបានលើកឡើងថា លោកគ្មានលទ្ធភាពនៅក្នុងការដោះស្រាយទេ វាហួសដែនសមត្ថកិច្ចរបស់លោកគឺមានតែក្រុមប្រឹក្សាអាជ្ញាកណ្តាលប៉ុណ្ណោះដែលមានតួនាទីភារកិច្ចដោះស្រាយក្នុងរឿងនេះរីឯមន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងបានចេញមកជួបសម្រុះសម្រួលជាមួយកម្មករដែរប៉ុន្តែគេមិនឃើញមានវត្តមានខាងភាគីរោងចក្រចូលរួមនោះឡើយ។
អ្នកយកព័ត៌មានយើងមិនអាចស្វែងរកការបំភ្លឺពីខាងភាគីរោងចក្របានឡើយជុំវិញការចោទប្រកាន់ពីសំណាក់ក្រុមកម្មករថាថៅកែរោងចក្រជនជាតិថៃរំលោភសិទ្ធិការងារធ្ងន់។
គួរបញ្ជាក់ថា រោងចក្រផលិតស្បែកជើងអ៊ែរ៉ូសហ្វ សាំមីតហ្វូតវែរកន្លងមកធ្លាប់មានបញ្ហាដូចគ្នានេះជាបន្តរបន្ទាប់មករវាងក្រុមហ៊ុននិងកម្មករដោយត្រូវកម្មករមិនពេញចិត្តហើយចោទប្រកាន់បានគាបសង្កត់និងបង្ខំឱ្យពួកគាត់ធ្វើការងារថែមម៉ោងគ្មានពេលឈប់សម្រាកទោះបីថ្ងៃសៅរ៍ឬថ្ងៃអាទិត្យក៏ដោយប្រសិនបើកម្មករណាហ៊ានឈប់ត្រូវប្រឈមនិងដេញចេញពីការងារ៕