ខេត្តប៉ៃលិន ៖ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្ទឹងកាច់ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៥:០០នាទីនេះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ បានទទួលពាក្យបណ្ដឹងស្តីពី ករណីបាត់ខ្លួនមនុស្សចំនួន ០១នាក់ ឈ្មោះ ញ៉ម ស្រីណា ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរអ្នកចែកបៀរនៅកាស៊ីណូស៊ីសារ ដែលមានទីតាំងនៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបាត់ខ្លួនកាលពីវេលាម៉ោង ១៩:០០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។
ករណីនេះ កាលពីថ្ងៃទី២២ និង២៣ ខែឆ្នាំដដែល ក្រុមគ្រួសារបានទូរស័ព្ទចូល តែពុំមានអ្នកទទួលឡើយ លុះដល់ថ្ងៃ២៤ វេលាម៉ោង ១៥:០០ ខាងលើ ឱពុករបស់ជនរងគ្រោះឈ្មោះ ណម ពេទ្យ មានទីលំនៅបច្ចុប្បន្នជាមួយគ្នា បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដើម្បីអោយជួយអន្តរាគមន៍។ បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបាននឹងកំពុងស្វែងរក និងសុំអោយខេត្តដ៏ទៃផ្សេងទៀតជួយសហការក្នុងហេតុការណ៍នេះ ៕ ដោយ កែវ នាង