ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចជំនាញ បានធ្វើការស្ទាក់ចាប់ ការចរាចរជួញដូរ សត្វព្រៃ ហើយឃាត់ខ្លួនស្ត្រីម្នាក់ ដែលជាឈ្មួញ ដ៏សកម្ មក្នុងអំពើជួញនេះ កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ នៅចំនុចផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខណះដែលឈ្មួញ ដឹកតាមរថយន្តតាក់សីុ ពីច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ចូលមកកាន់ទីរួម ខេត្តបន្ទាយមានជ័យ ។
ស្ត្រីដែលបានឃាត់ខ្លួនមានឈ្មោះ ចាន់ វណ្ណៈ អាយុ 38ឆ្នាំ រស់នៅភូមិបឹងត្រកួនស្រុក ថ្មពួក។ ក្នុងនោះសមត្ថកិច្ចជំនាញ បានរឹបអូសជើងខ្លាឃ្មុំចំនួន៤ព្រមទាំងប្រមាត់មួយមានទំងន់ជាង១០គីឡូក្រាម។ តាមចម្លើយរបស់ស្ត្រីជាម្ចាស់បានអោយដឹងថា ចំពោះវត្ថុតាងជើងនិងប្រមាត់នេះគឺខ្លួនបានកុម្មង់ទិញពីប្រទេសថៃហើយនាំយកទៅលក់នៅឯរាជធានីភ្នំពេញ។
ជាមួយនឹងការបង្ក្រាបការជួញដូរសត្វព្រៃនេះដែរមន្ត្រីជំនាញបានបញ្ជាក់អោយដឹងថាខ្លាឃ្មុំជាប្រភេទសត្វមួយក្នុងចំណោម ប្រភេទថនិកសត្វទាំង១០រួមមាន ក្របីព្រៃ គោព្រៃ ក្តាន់ ខ្លាឃ្មុំ ខ្ទីង ខ្លាដំបងឬខ្លាធំ ខ្លាពបក ដំរី រមាស រមាំងដែលជិតផុតពូជនៅកម្ពុជា ក្នុងនោះនៅមានសត្វស្លាប៦ប្រភេទទៀតមានត្រដក់ធំ ត្រយ៉ង ចង្កំកស ត្រយ៉ងយក្ស ទារព្រៃស្លាបស រំពេពោះខ្មៅ អង្កត់ខ្មៅផងដែរ។
បើយោងតាមមាត្រា 97ចំណុច10 នៃច្បាប់ស្តីពីព្រៃឈើ ជនល្មើស ជាស្ត្រី ដែលត្រូវឃាត់ខ្លួនប្រឈមនិង ផ្តន្ទាទោស ជាប់ពន្ធនាគារ ពី5ទៅ10ឆ្នាំ ។ ក្រោយការឃាត់ខ្លួន ត្រួកពិនិត្យរួច ទាំងសាច់ និងជនសង្ស័យ បាននាំទៅ រាជធានីភ្នំពេញ ៕