កំពង់ធំៈ លោកយាយ ម្នាក់ទ្រហោយំ ដោយការសោកស្តាយ ខណៈពេលដែលអគ្គីភ័យ បានឆេះផ្ទះរបស់គាត់ព្រមទាំងបន្សល់នៅតែផេះ នៅពេលគាត់រវល់តែធ្វើបុណ្យនៅក្នុងវត្តក្តីដូង ទុកផ្ទះឲ្យកូនស្រីពិការងងឹត ភ្នែកម្នាក់ឲ្យចាំផ្ទះ ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩.៣០នាទី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៦ ស្ថិតនៅក្នុងក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឡុង មុត ភេទស្រី អាយុ ៧៦ឆ្នាំ ចាស់ជរា រស់នៅជាមួយកូនស្រីម្នាក់ ពិការភ្នែក និងដុះសាច់សព្វពេញរាងកាយ ភេទស្រី អាយុ ៣៣ឆ្នាំ ខណៈពេលដែលភ្លើងឆេះផ្ទះ កូនស្រីរបស់លោកយាយ ឡុង មុត បានវាចេញពីផ្ទះ ទើបមិនបានបង្ករឲ្យមាន គ្រោះថ្នាក់ដល់អាយុជីវិត ។
លោកយាយ ឡុង មុត ជាម្ចាស់ផ្ទះបាននិយាយទាំងអួលដើមករ ស្របពេលដែលទឹកភ្នែកហូរព្រិចៗ ដោយពោលពាក្យនូវការសោកស្តាយ ខណៈពេលដែលជីវភាពរបស់គាត់ក្រ លំបាក គ្មានមុខរបរ ថែមទាំងបានខ្ចី លុយអង្គការរបស់ស្ថាប័នមួយ ចំនួន៩០០ដុល្លា ទុកសម្រាប់ប្រើការ ព្រមទាំងប្លង់ដី និងសំណុំឯកសារនានា ត្រូវបានក្លាយជាចំណីអគ្គីភ័យអស់ ក្នុងមួយប៉ព្រិចភ្នែក លោកយាយបានបន្តថា លោកយាយមានកូន៣នាក់ មានប្រពន្ឋកូន២នាក់ទៅរស់នៅភ្នំពេញ ហើយបានសាងសង់ផ្ទះមួយខ្នងដែលមានទំហំ ៥គុណ៦ ឲ្យគាត់រស់ នៅជាកូនស្រីដែលពិការ ដោយធ្វើអំពើឈើ និងប្រកស័ង្កសី។
តាមសាក្សដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោកយាយមានមុខរបរ គ្រូទោះទាយចូលរូប នៅថ្ងៃ កើតហេតុ លោកយាយត្រូវបានគេអញ្ជើញទៅធ្វើបុណ្យនៅវត្ត ហើយប្រហែលជាភ្លេចពន្លត់ភ្លើងធូប ទើបបានជាបណ្តាលឲ្យឆាបឆេះផ្ទះសំបែង នៅពេលកើតហេតុ លោកវរៈសេនីយ៍ត្រី ខេន ឈុនគ័រ អធិការស្រុក កំពង់ស្វាយ បានដឹកនាំកម្លាំងពន្លត់អគ្គីភ័យ ចុះពន្លត់ភ្លើងឆេះផ្ទះ ក្នុងនោះលោកអធិការបានសម្តែងនូវការ សោកស្តាយព្រមទាំងបានជូនថវិការចំនួន ១០ម៉ឺនរៀល ជូនដល់លោកយាយគ្រាន់ទិញអាហារបណ្តោះអាសន្ន ហើយនិងរាយកាតណ៍ទៅថ្នាក់លើដើម្បីនាំយកអំណោយមកផ្តល់ជូនគ្រួសារលោកយាយ បន្តទៀត ៕