ខេត្តកំពង់ស្ពឺ ៖ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកម្លាំង ផ្នែករដ្ឋបាល ព្រៃឈើកំពង់ស្ពឺ សង្កាត់រដ្ឋបាលព្រៃឈើឧដុង្គ និងសង្កាត់រដ្ឋបាលព្រៃឈើសំរោងទង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ ចុះបង្ក្រាប និងឃាត់ចាប់រថយន្ត យីឌុប ០១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-0994 ដែលបានដឹកជញ្ជូនឈើអារ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ នៅក្នុងភូមិសាស្ត្រភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ។
បច្ចុប្បន្ន វត្ថុតាងដែលបានឃាត់ចាប់ខាងលើ បានយកមករក្សាទុក នៅទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងកំពុងធ្វើការ ត្រួតពិនិត្យ ប្រភេទឈើ និងធ្វើការវាស់វែងបរិមាណឈើ ដើម្បីរៀបចំចងក្រងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ៕