ខេត្តបន្ទាយមានជ័យ ៖ ជនរងគ្រោះម្នាក់ ត្រូវបានជនសង្ស័យ ជាបងប្រុសបង្កើត វាយសម្លាប់យ៉ាងអាណោចអាធ័ម នៅខាងក្រោយផ្ទះ តាំងពីយប់លុះព្រឹកឡើង ទើបស្ត្រីជាម្តាយ ប្រទះឃើញសពកូនប្រុស បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦នេះ នៅចំណុចភូមិចាន់គិរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជានគរបាល ការពារព្រំដែនគោក នៅខេត្តព្រះវិហ៊ារ (មិនទាន់ដឹងអង្គភាព) បានធ្វើដំណើរមលេងឪពុកម្តាយ នៅក្រុងប៉ោយប៉ែតនេះ ហើយក៏ត្រូវបាន ជនសង្ស័យ ឈ្មោះ ឡុង សំអឿត អាយុ៤២ឆ្នាំ កើតជំងឺសរសៃប្រសាទ និងត្រូវជាបងបង្កើត វាយឲ្យស្លាប់ តាំងពីយប់ថ្ងៃទី១២ លុះព្រឹកឡើង ពេលស្ត្រីជាម្តាយ បើកទ្វារចេញមកក្រៅ ស្រាប់តែឃើញ ជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម តែម្តង ។
ក្រោយបង្កការភ្ញាក់ផ្អើល កម្លាំងនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរ:សេនីយ៍ទោ ធិន ស៊ិនដេត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ដែលត្រូវបងប្រុសបង្កើត ជនរងគ្រោះភ្លាមៗ ។ ប្រភពប្រាប់ថា ជនសង្ស័យកើតជំងឺសរសៃប្រសាទ ហើយគេធ្លាប់ឃើញ ជនសង្ស័យវាយធ្វើបាប ឪពុកម្តាយបងប្អូន ផងដែរ ។
ជនសង្ស័យ ក្រោយការឃាត់ខ្លួន ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ ៕
0
វាយសម្លាប់ប្អូនប្រុសបង្កើត បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅក្រុងប៉ោយប៉ែត
Filed in: ព័ត៌មានជាតិ