លោក ឈៀង ភក្តី ដែលគេស្គាល់ថា ជាឈ្មួញឈើប្រណីតដ៏មហិមាម្នាក់នៅអាណាចក្រមណ្ឌលគីរីនោះ ត្រូវបាន ប្រភពច្បាស់ការណ៍មួយបង្ហើបឱ្យដឹងថា លោកកំពុងតែវ័ណ្ឌក នឹងការអនុវត្តច្បាប់របស់ក្រសួងបរិស្ថាន ហើយ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ៥-៦ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិឡៅកា ឃុំសុខដុម ខណ្ឌសែនមនោរម្យ ខេត្តមណ្ឌលគីរី មានការចុះពិនិត្យវាស់វែងឈើនៅទីតាំងស្តុកដ៏ធំមួយកន្លែងដែលជារបស់ លោក ឈៀង ភក្តី ដោយតំណាងក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគីរី ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធដទៃ ទៀត ហើយបានរកឃើញឈើខុសច្បាប់មានចំនួនដល់ជាង ៣០០ម៉ែត្រគូបឯណោះ ។
ទាក់ទិននឹងព័ត៌មាននេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា ដីសម្បទានដែលគេកំពុងកាន់កាប់ជាយូរឆ្នាំមកហើយ នោះមានទំហំ ៧០០ហិកតា តែការដឹកឈើប្រណីតចេញពីដីសម្បទាននេះអស់រយៈពេលរាប់ឆ្នាំទៅហើយ នៅតែ មានឈើប្រណីតដឹកមិនចេះអស់ទៀត ។
ដោយសារតែហេតុផលនេះហើយ ទើបក្រសួងបរិស្ថានចាត់ឱ្យលោកអនុរដ្ឋលេខាធិការ ផុន សារឿន ចុះត្រួតពិនិត្យដល់ទីកន្លែងដោយផ្ទាល់ ហើយរកឃើញឈើស្តុកខុសច្បាប់ដល់ទៅជាង ៣០០ម៉ែត្រគូប ។
ប្រភព បានបន្ថែមទៀតថា មេឈ្មួញ ឈៀង ភក្តី លួចដឹកឈើចេញអស់ពីរ-បីឡានទៅហើយ ទើបបែកការណ៍ផ្អើលទៅដល់សហគមន៍ឡៅការ លើកគ្នាទៅឃាត់ឈើនោះ ។
យ៉ាងណាក៏ដោយ បើតាមប្រភពពីភូមិឡៅការ បានឱ្យដឹងថា ឥឡូវនេះមានឧកញ៉ាម្នាក់កំពុងរត់ការសម្រួលនៅក្រសួងបរិស្ថានដើម្បី ធ្វើយ៉ាងណាឱ្យឈើប្រណីតជាង ៣០០ម៉ែត្រគូបនោះរួចផុតពីសំណាញ់ច្បាប់ ។
ចៅហ្វាយខេត្តមណ្ឌលគីរី នៅពេលទាក់ទងសុំការបំភ្លឺលោកឆ្លើយថា “ជាប់រវល់ប្រជុំ” ។ ដូច្នេះមានតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការទប់ស្កាត់ និងរឹបអូសឈើប្រណីតពីមេឈ្មួញ ឈៀង ភក្តី មកដេញថ្លៃយកចំណូលដាក់ក្នុងហិបថវិកាជាតិវិញ ទើបសមនឹងស្ថានភាពនយោបាយបច្ចុប្បន្ននៅ កម្ពុជា ៕