ភ្នំពេញ ៖ មន្ទីរពេទ្យកេតុមាលាបន្ទាប់ពីប្រព័ន្ធព័ត៌មានផ្សាយថាមានការវះកាត់ក្រលៀនមនុស្សយកទៅលក់ក្រៅប្រទេសនិងកម្លាំងនគរបាលប្រឆាំងការជួញដូរ និងការពាអនីតិជនឃាត់ខ្លួនជនជាតិវៀតណាម ៥ នាក់ និងការកោះហៅ លោកលី សុវណ្ណផ្កាយ៣ ប្រធានមន្ទីរពេទ្យ ទៅសាកសួរ នាយឧត្តមសេនីយ៍ ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ បានអញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលា ពិនិត្យស្រាវជ្រាវសាកសួររកការពិត នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ។
បើតាមប្រភពពីសមត្ថកិច្ច បានលួចបង្ហើបប្រាប់ឲ្យដឹងថាវេជ្ជបណ្ឌិតជនជាតិចិន ម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការវះកាត់ឡើងវិញ លើជនលក់ក្រលៀនម្នាក់ ដែលការវះកាត់នាពេលកន្លងមក មិនទទួលបានជោគជ័យ បង្កឲ្យមានឈាមកកនៅក្នុងខ្លួន ។ ក្រោយពីវះកាត់ វេជ្ជបណ្ឌិតជនជាតិចិនរូបនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរ និងការពាអនីតិជន នាំយកទៅសួរនាំបន្តទៀត ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៥ នាក់ថែមទៀតផង។
ពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានកោះហៅលោកផ្កាយ៣ លី សុវណ្ណ ប្រធាន មន្ទីរពេទ្យចូលទៅបំភ្លឺ លើករណីមួយនេះកាលពីថ្ងៃទី០៩ ខែសីហា ។ ការសាកសួរ បានធ្វើឡើងតាំងពីម៉ោងប្រមាណ ៥ល្ងាច រហូតដល់ម៉ោង ១១យប់ ទើបមាន ការអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពីមានការអន្តរាគមន៍ និងធានាពីមន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថ ។ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ លោក លី សុវណ្ណ ក៏ត្រូវបានសមត្ថកិច្ចនាំយកទៅ សួរនាំជាថ្មីម្តងទៀតដែរ ។ លោក លី សុវណ្ណ មិនបំភ្លឺរឿងនេះសុំទោសហើយ បិទទូរស័ព្ទតែម្តង។
ប្រភពព័ត៌មានជាច្រើន បានដាក់ការសង្ស័យថា មន្ទីរពេទ្យកេតុមាលា មានជាប់ពាក់ព័ន្ធ នឹងការវះកាត់ក្រលៀន មនុស្ស ដើម្បីធ្វើការជួញដូរទៅក្រៅប្រទេស ហើយការវះកាត់នេះ ក៏ប្រហែលជាទទួលបានភ្លើងខៀវពីលោកលី សុវណ្ណ ប្រធានមន្ទីរពេទ្យ ។
ពាក់ព័ន្ធការជួញដូរក្រលៀននេះដែរ កាលពីពេលកន្លងទៅថ្មី កម្លាំងនគរបាល បានចាប់ខ្លួនមនុស្សមួយចំនួន ដោយជាប់សង្ស័យ បានរត់ការនាំមនុស្សយកទៅលក់ ក្រលៀននៅប្រទេសថៃ ទទួលបានកម្រៃរហូតដល់ជាង ១ ម៉ឺនដុល្លារឯណោះ។ ដោយឡែក សម្រាប់ជនដែលបានបរិច្ចាគក្រលៀនរបស់ខ្លួននោះ ទទួលបានត្រឹមតែ ៣.០០០ដុល្លារ ទៅ៥.០០០ដុល្លារប៉ុណ្ណោះ ។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះទៅកាន់មន្ទីរពេទ្យកេតុមាលានេះ បានធ្វើឡើងនៅ ក្រោយព័ត៌មានដ៏រសើប នៃការជួញដូរក្រលៀនមនុស្សមានការសង្ស័យថា ជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យយោធាមួយនេះ គ្រប់គ្រងដោយ លោកផ្កាយ ៣ លី សុវណ្ណប្រធានមន្ទីរពេទ្យ ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ មិនមានការទម្លាយ និង បញ្ជាក់ឲ្យ បានដឹងនោះទេចំពោះលទ្ធផល ជុំវិញដំណើរចូលទៅស្រាវជ្រាវរបស់ខ្លួនក្នុងមន្ទីរពេទ្យ ៕