ខេត្តកំពង់ធំ ៖ ឈ្មួញបានយកគ្រឿងធ្វើសកម្មភាពឈូសឆាយដីយ៉ាងអាណាធិបតេយ្យនៅតំបន់សូងសាង ឃុំគ្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយយកឡេសថា ជាដីសម្បទានសង្គមកិច្ចជនពិការ តែដីរបស់ជនពិការពិតប្រាកដនោះត្រូវបានក្រុមឈ្មួញឈ្មោះឆេង លី និងឈ្មោះឆេងឃី គំរាមប្រជាពលរដ្ឋហើយប្រមូលទិញក្នុងតម្លៃថោកៗ ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ខែកក្តដានេះក្រុមឈ្មួញ យកគ្រឿងចក្រមកឈូសឆាយខុសគោលដៅ តែសមត្ថកិច្ចជំនាញធ្វើព្រងើយ។
ប្រភពច្បាស់កាពីតំបន់សូងសាង បានប្រាប់អ្នកសារព័ត៍មានថា តាមពិតដីនៅចំនុចខាងលើនេះ គឺជាដីសម្បទានសង្គមកិច្ច សម្រាប់ជនពិការមែន តែដីនេះក្នុង១គ្រួសារ ទទួលបានត្រឹម៣ទៅ៤ហិចតាប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះមិនទាន់មានក្រុមគ្រួសារជនពិការណាមានដីធ្វើចំការឡើយ ផ្ទុយទៅវិញដីនៅតំបន់សូងសាងនេះជាង២០០ហិចតា ត្រូវបានធ្លាក់ទៅលើដៃឈ្មួញឈ្មោះឆេងលី និងឈ្មោះឆេងឃី ជាបងប្អូនបង្កើត រស់នៅក្នុង ខេត្តកំពង់ចាម ។
ប្រភពដដែលនេះបានបន្តថា ក្រុមឈ្មួញទាំង២នាក់បងប្អូននេះបានគំរាមឲ្យជនពិការ លក់ដីឲ្យក្នុងតម្លៃថោក បើកពុំដូច្នោះទេពួកគេនឹងយកដីទទេ ។ ជាក់ស្តែងដីអ្នកស្រីសោភ័ណ្ឌ ៦ហិតាដី លោកហង់ ឆើយ ៣ហិតតានិងដីជនពិការជាច្រើននាក់ទៀត ត្រូវបានមេខ្លោពីរ២នាក់នេះ រំលោភយកដោយគ្មានសំណង ជាមួយគ្នានេះប្រជាពលរដ្ឋទាំងបីនាក់ខាងលើនេះក៏បានប្តឹងទៅស្រុក ខេត្តហើយ តែមិនទាន់មានលទ្ធផលឡើយ ។ ទង្វើល្មើសច្បាប់នេះគឺកើតឡើងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរមូលដ្ឋានបើកភ្លើងខៀវឲ្យ ក្រុមឈ្មួញឈូសឆាយដីព្រៃយ៉ាងអាណាធិបតេយ្យ ហើយសមត្ថកិច្ចនៅពីក្រោយខ្នង ដើម្បីទទួលលាបសក្ករៈយ៉ាងរំភើយ។
ពាក់ព័ន្ធ ជាមួយការចោទប្រកាន់នេះ លោកសុទ្ធម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មបានឆ្លើយថាដីនៅតំបន់នេះគេមានច្បាប់ ។ តែបើចង់ដឹងច្បាស់សូមសួរទៅលោកឈៀងមាលា ជានាយសង្កាត់រដ្ឋបាលព្រៃឈើក្រយាទៅ តែលោកនាយសង្កាត់គ្រយា បានឆ្លើយបដិសេធ ថាលោកមិនដឹងទេ ព្រោះមានស៊ីញេពីលោកអភិបាលរងស្រុក ជាមួយគ្នានេះលោករស់សារីម អភិបាលរងស្រុកសន្ទុកបានប្រាប់ថា លោកអនុញ្ញាតិឲ្យឈូសឆាយតែដីប្លង់ផ្ទះជាប់ផ្លូវទេ ចំពោះគ្រឿងចក្រដែលឈូសឆាយដីខុសគោលដៅនោះ លោកមិនទទួលខុសត្រូវឡើយ ៕