0

ប្រជាពលរដ្ឋ​ថា ប្តឹង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ហ្គោល​ដិន ស៊ី​យូរហើយ​មិន​ឃើញ​អ្នក​ណា​ចុះ​អន្តរាគមន៍​

ប្រជាពលរដ្ឋ​ថា ប្តឹង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ហ្គោល​ដិន ស៊ី​យូរហើយ​មិន​ឃើញ​អ្នក​ណា​ចុះ​អន្តរាគមន៍​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​៦៥​គ្រួសារ​ចំណោម ៣៦៧ គ្រួសារ​ថា ប្តឹង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ហ្គោល​ដិន​ស៊ី យូរហើយ មិន​ឃើញ​អ្នក​ណា​ចុះ​អន្តរាគមន៍​សោះ ទើបតែ​ឃើញ​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​ដឹកនាំ​កម្លាំង​ជំនាញ ចម្រុះ​ពិនិត្យ​និង​បាន​ដោះស្រាយ​ជោគជ័យ និង​សន្យា​បើកផ្លូវ​ចូល​អោយ​ធំ​ជាង​មុន និង​ការស្តារ​ប្រឡាយ​និង​សង់​បង្គន់​អនាម័យ ព្រមទាំង​មាន​ចិត្តបុណ្យ​ជូន​ថវិកា​យាយ​ចាស់​ក្រីក្រ​កំពង់​ដេក​ឈឺ​ថែមទៀត​ផង កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​

​ប្រជាពលរដ្ឋ​ថា សិប្បកម្ម​ទឹកបរិសុទ្ធ​យីហោ ហ្គោល​ដិន​ស៊ី និង​ជា​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ដែល​មាន​ម្ចាស់​ឈ្មោះ ឡេង ស្រ៊ុន​បាន​បូមទឹក​ចេញពី​ស្រះ​មាន​ទុយោ​ទំហំ ៦៤ មីឡី​ម៉ែត្រ ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​ផ្នែក​ទឹកបរិសុទ្ធ​រយៈពេល​១០​ឆ្នាំ​មកហើយ​ដែល​បណ្តាល​អោយ​ស្រះ​ទឺកស្រ​ករីង​ហួត នឹង​ថ្ងៃ​ក្រោយ​រក​ទឹក​ប្រើប្រាស់​គ្មាន ។ មិនតែប៉ុណ្ណោះ គាត់​បង្ហូរទឹក​កាកសំណល់​ចូលមក​ក្នុង​ស្រះ​វិញ ធ្វើអោយ​ទឹក​ពិបាក​ប្រើប្រាស់ ប៉ះពាល់​ដល់​សុខភាព​។​

លោក ឡេង ស្រ៊ុន បានអោយដឹង​ថា​ខ្ញុំ​បូមទឹក ក្នុង​មួយ ថ្ងៃ គឺ​ប្រហែល ១០​គូ​ប ក្នុង​មួយ​ថ្ងៃ​ដាក់​ក្នុង​អាង ដើម្បី​បំរើភ្ញៀវ​ទេសចរ​ចេញចូល​ស្ថានីយ៍​ប្រេងឥន្ធនៈ​លាង​ដៃជើង ។ គេ​ចូល​មក​ចាក់​ប្រេង ចូល​មក​បត់​ដៃ​បត់ជើង​ជួនកាល​គេ​មិន​ចាក់​ប្រេង​ទេ គេ​ចូល​មក​កន្លែង​ហ្នឹង វា​មាន​បន្ទប់​អនាម័យ វា​ងាយ​លាងដៃ​លាង​ជើង លុបមុខ​មាន​កញ្ចក់​ឆ្លុះ​មុខ​សម្អាត​កាយ​ទៀតផង ។ មិន​បាន​បូម​ទឹកស្រះ​យក​ធ្វើ​ទឹក​សុទ្ធ​ទេ​ហើយ​ព្រឹក​នេះ បំពេញ​តាម​សំណូមពរ សុំ​ប្តូរ​ទុយោ​ទឹក​ពី ៦៤ មី​លី​ម៉ែត្រ​មក​ទំហំ ៣៤ មីឡីម៉ែត្រ​វិញ ។ ចំពោះ​ទុយោ ដាក់​បង្ហូរ​ចូល​ស្រះ គឺ​ការរំដោះ​ទឹក​នៅ​តាម​ផ្លូវ​ហើយ​ទុយោ​នេះ បើ​ប៉ះពាល់​លោក​នឹង​បិទ​តាម​ការណែនាំ​របស់​លោក​អភិបាលក្រុង ។​

​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​បានអោយដឹងថា តាម​ការចុះ​មក​ពិនិត្យ​ដោយ​កម្លាំង​ចម្រុះ​និង​អជ្ញាធរ​មូលដ្ឋាន​ឃើញថា លោក ឡេង ស្រ៊ុន គាត់​បូមទឹក​សំរាប់​ដាក់​អាង​អោយ​ភ្ញៀវ​ប្រើប្រាស់​មែន ហើយ​ខាង​តំណាង​ប្រជាពលរដ្ឋ​គាត់​បាន​យល់ព្រម​គ្នា​ទៅវិញទៅមក និង​ចុះហត្ថលេខា​លាយ​លាក់​ជា​អក្សរ​ផង ដូច្នេះ​ការដោះស្រាយ​បញ្ហា​ការ​ទឹក​ចូល​ស្រះ​បាន​ជោគជ័យ​ដោយ​រលូន ។ លោក​បាន​សន្យា​ដោះស្រាយ​បើកផ្លូវ​ចូល​ពី​មុន​មាន​ទំហំ ៣ ម៉ែត្រ​អោយបាន​ទំហំ​៦​ម៉ែត្រ ធំ​ជាង​មុន ។ ការស្តារ​ប្រឡាយ​ដែល​គែ​បោះបង់​ចោល​ជាង ២០ ឆ្នាំ ដើម្បី​រំដោះ​ទឹក​កុំអោយ​លេចលង់​ផ្ទះ​ប្រជាពលរដ្ឋ​និង​សង់​បង្គន់​អនាម័យ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​កុំអោយ​បត់ជើង​ពាសវាល​ពាសកាល មិនតែប៉ុណ្ណោះ លោក​បាន​ជូន​ថវិកា​យាយ​ចាស់​ក្រីក្រ​កំពង់​ដេក​ឈឺ​ផងដែរ ។ ក្នុង​ការដោះស្រាយ​ជួប​បញ្ហា​ប្រឈម​ដោយសារ​ឈ្មោះ​មូល​ស្រី​ម្ចាស់​ដី​មួយ​កន្លែង មិន​អនុញាត​អោយ​កាយ​ដី​ដាក់លូ ឬ​ទុយោ​ឆ្លងកាត់​សំរាប់​រំដោះ​ទឹក​ទៅដល់​ប្រឡាយ ដែល​ត្រូវ​ស្តារ​តែ​ទោះជា​យ៉ាងណា លោក​នឹង​រក​វិធី​ដោះស្រាយ​បង្ហូរទឹក​អោយ​ធ្លាក់​ចូល​ប្រឡាយ មិន​អោយ​លេច​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ទៀត​ទេ ។​

​ប្រជាពលរដ្ឋ​ថា មិនដែល​ឃើញ​ថ្នាក់ដឹកនាំ​ណា​ចុះ​ពិនិត្យ​ដល់​ភូមិ ដូច​លោក សៀង ឯម​វុន​ស្ហី ទេ ព្រោះ​គាត់​ប្តឹង​តាំងពី​លោក​អ៊ុយ​រី​អភិបាលក្រុង​បាត់ដំបង​មកម្ល៉េះ ពេលនេះ ពួកគាត់​សប្បាយចិត្ត​ខ្លាំងណាស់ និង​អរគុណ​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង​ឡើង​ថ្មី ៕

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment