ត្បូងឃ្មុំ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន ៤៨កញ្ចប់និងសម្ភារៈមួយចំនួនទៀតត្រូវ់ នគរបាលស្រុកមេមតឃាត់ខ្លួនភ្លាមៗ ខណៈក្រុមជនសង្ស័យបានធ្វើសកម្មភាពដោះដូរគ្រឿងញៀន កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី៧ មិថុនា ២០១៦ ស្ថិតនៅក្នុងភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវលើករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ដែលមានឈ្មោះមៀច ហុង ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះអឿន ភីណា អាយុ៤៣ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធរស់នៅក្នុងភូមិកើតហេតុខាងលើ ។
ក្នុងប្រតិបត្តិការណ៍នេះដែរសមត្ថកិច្ចបានធ្វើការឆែកឆេរ នៅក្នុងលំនៅឋានរបស់ជនសង្ស័យបានរកឃើញម្សៅក្រាមពណ៌ស ដែលសង្ស័យថាជាថ្នាំញៀនទាំងមុននិងក្រោយចំនួន៤៨កញ្ចប់ រថយន្តCamryផលិតឆ្នាំ១៩៨៩ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿងតាមនិតិវិធីច្បាប់ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕