ភ្នំពេញ៖ ប្រពន្ធចាក់ប្តីមួយកាំបិត ចំដោះខាងឆ្វេងរបួសធ្ងន់ ខណៈមានជម្លោះរឿងគ្មានបាយឲ្យប្តីហូប ត្រូវកម្លាំងយោធាកងពលលេខ៧០ បញ្ជូនទៅពេទ្យ រីឯប្រពន្ធរត់បាត់ នាយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង ថា ជនរងគ្រោះឈ្មោះ ច្រេង សុភា អាយុ៣៦ឆ្នាំ រីឯប្រពន្ធមិនទាន់អត្តសញ្ញាណនៅឡើយទេ ហើយបានរត់គេចខ្លួនបាត់ ហើយប្តីត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ចុះទៅជួយអន្តរាគមន៍ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយរាល់ដងតែងតែចូលផ្ទះ នៅយប់ជ្រៅ តែថ្ងៃនេះចូលផ្ទះពីក្បាលព្រលប់ ស្រាប់តែមកដល់ផ្ទះមិនឃើញមានបាយសម្ល ទើបនាំឲ្យកើតជម្លោះ រហូតវាយតប់គ្នា។ ពេលកំពុងឈ្លោះប្រកែកគ្នា និងវាយគ្នា ពេលនោះ ស្រាប់ប្រពន្ធ បានយកកាំបិតចុងស្រួចចាក់ចំដោះប្តីខាងឆ្វេង បណ្តាលហូរឈាមយ៉ាងខ្លាំងតែម្តង។
សមត្ថកិច្ចកំពុងស្វែងរកចាប់ឃាត់ខ្លួនស្ត្រីសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។