ខេត្តបាត់ដំបង ៖ ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ណែនាំក្រុមបង្ការបង្ក្រាបរបស់ស្នងការដ្ឋាន បានចុះ ល្បាតតាមសួនសាធារណៈក្នុងក្រុងបាត់ដំបង នាំខ្លួនក្រុមក្មេង ប្រុសស្រីចំនួន ៣៨ នាក់ ដែលដើរលែងយប់មិនចូលផ្ទះ ពពាក់ពពូនតាមទីសាធារណៈ ក្នុងនោះមានម៉ូតូចំនួន ១១ គ្រឿងផងដែរ យកមកអប់រំណែនាំនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង -យប់ថ្ងៃទី ២៩ ឈានចូលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុងក្រុងបាត់ដំបង។
សូមជំរាបជូនថា កន្លងទៅក្រុមក្មេងដែលដើរលែងយប់មិនចូលផ្ទះតែងបង្កនូវការរំខានផ្សេងៗ ដូចជាការ ជិះម៉ូតូបន្លឺសម្លេងខ្លាំងៗ រំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋនៅតាមផ្លូវ ឈ្លោះប្រកែក វាយតប់ ឬដេញ កាប់ចាក់គ្នា បង្ករភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ។ សូមបញ្ជាក់ជូនថាក្នុងចំណោម ក្មេងៗ ដែលនាំមកសាកសួរនាពេលនេះបានពិនិត្យរកសាធាតុញៀន ឃើញសញ្ញាណ (វិជ្ជមានចំនួន ២០ នាក់) ដែលនេះគឺជាការព្រួយបារម្មណ៍របស់យើងទាំងអស់គ្នា ។ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់មាតា បិតា និងអាណាព្យាបាលទាំងអស់ មេត្តាតាមដានអំពីសកម្មភាពរបស់កូននិង ធ្វើការ អប់រំណែនាំកូន ចៅឲ្យបានល្អ និងសូមមេត្តាចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ក្នុងករណីដែលសង្ស័យថាកូន ចៅរបស់ខ្លួនមានសកម្មភាពមិនល្អ ដើម្បីរកវិធានការទប់ស្កាត់ ចៀសវាងធ្លាក់ចូលទៅក្នុងសកម្មភាពល្មើសច្បាប់ ណាមួយ ដោយមិនដឹងខ្លួន ៕