ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យគ្រឿងញៀន១១នាក់ កាំភ្លើងខ្លី១ដើម និងថ្នាំញៀនមួយចំនួនធំ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងញៀនខេត្តបង្ក្រាប និងមានការចូលរួមសហការពីកម្លាំង នគរបាលក្រុងសិរីសោភ័ណ និងនគរបាលស្រុកមង្គលបុរី ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធ្វើឡើងកាលពីថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ភ្នំពេជ្រផ្លូវទៅវត្តចំការខ្នុរ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងផ្ទះសំណាក់គ្មានយីហោមួយកន្លែងទៀត ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចេញបង្ក្រាបជនសង្ស័យគ្រឿងញៀនគេមើលឃើញថាមានលក្ខណៈទ្រង់ទ្រាយធំនៅពេលនេះក្រោយពីលោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យទើបតែដាក់ចេញនូវវិធានការនិងបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលក្រោមបង្គាប់គ្រប់ផ្នែកនិងជំនាញចេញបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឱ្យល្អប្រសើរឡើង ៕