ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន បុរសម្នាក់មេខ្លោងចែកចាយថ្នាំញៀន និងដកហូតវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក៣១កញ្ចប់ ស្មើទម្ងន់៣៩៤,៧៦ក្រាម និងយ៉ាម៉ា៥គ្រាប់ និងសម្ភារៈមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ចាត់ការតាមនិតិវិធី។
ហេតុការណ៍បង្ក្រាបធ្វើឡើង ម៉ោង១រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅបរិវេណវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះសោម ស៊ីន អាយុ៣២ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតមានថ្នាំញៀនប្រភេទ ម៉ាទឹកកក ៣១កញ្ចប់ ស្មើទម្ងន់៣៩៤,៧៦ក្រាម និងយ៉ាម៉ា៥គ្រាប់ និងដាវ៣ដើម ទូរស័ព្ទ៣គ្រឿង ម៉ូតូ៤គ្រឿង(ខ្ចីបងប្អូន)។
បុរសសង្ស័យបានសារភាពថាខ្លួន មាន ឈ្មោះសោម ស៊ីនបានលក់ចែចាយថ្នាំញៀន៦ខែ គឺនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៤ខែនិងនៅខេត្តបាត់ដំបងចំនួន២ខែ។
មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថាជនសង្ស័យខាងលើរកស៊ីចែកចាយថ្នាំញៀនច្រើនឆ្នាំមកហើយ តែដោយការរលក់ចល័តទើបសមត្ថកិច្ចចាប់មិនបាន ប៉ុន្តែ ២ ខែនេះ សមត្ថកិច្ចប្រម៉ាញ់រហូតចាប់បង្ក្រាបបានជាស្ថាពរ ៕