ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសនគរបាលនិងអាវុធហត្ថកំពុងមមាញឹកដុតដៃជើង ស្រាវជ្រាវកំណត់មុខសញ្ញាក្រុមចោរប្លន់៥នាក់ប្លន់ផ្ទះលក់គ្រឿងសំណង់ កាលម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ខែ ខែឧសភា ឆ្នាំ២០១៦ នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះលក់គ្រឿងសំណង់ឈ្មោះ រ៉ើន រុណ ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅខាងលើបានឲ្យដឹងថា នៅម៉ោង៧និង៣០នាទីយប់ មានក្រុមចោរ៥នាក់ បិទម៉ាសប្រដាប់ដោយកាំភ្លើងខ្លី ១ ដើម កាំភ្លើងវែង ១ ដើម និងដែកស្បែង ១ ដើម កាត់របងលួសចូលពីខាងក្រោយផ្ទះ មកភ្ជង់រូបលោក និងប្អូនថ្លៃប្រុស ហើយចាប់ចងស្លាបសេក បន្ទាប់មកបង្ខំឲ្យមនុស្សប្រុសស្រីក្នុងផ្ទះដោះគ្រឿងអល័ង្គការ និងយកលុយឲ្យពួកវា ។ ក្នុងនោះ ម្ចាស់ផ្ទះអស់ខ្សែក ៣ ខ្សែ ក្នុង១ខ្សែ៥ជី កងដៃ១ខ្សែទំងន់៥ជី ទូរស័ព្ទដៃ៥គ្រឿង និងលុយ១លានរៀល ។ ចំណែកជនរងគ្រោះជាអ្នកជិតខាងម្នាក់មានឈ្មោះ សូត្រ សុខ ភេទស្រីអាយុ៣២ឆ្នាំ ចោរប្លន់យកខ្សែក១ខ្សែ មានទំងន់៥ជី កងដៃផ្លាទី១កងទំងន់៥ជីនិងលុយ៣០ម៉នរៀល។
ម្ចាស់ផ្ទះលក់គ្រឿងសំណង់ឈ្មោះ រ៉ើន រុណ បានបញ្ជាក់ថា ផ្ទះលោកកាលពីឆ្នាំ២០០៨ ត្រូវក្រុមចោរយកមាសប្រាក់សរុបជិត១ម៉ឺនដុល្លា ហើយឆ្នាំ២០១៦នេះ ត្រូវក្រុមចោរប្លន់ជាលើកទី២ ប៉ុន្តែដោយមានការអន្តរាគមន៍ពីក្រុមសមត្ថកិច្ចភ្លាមៗ ក្រុមចោរបានយកសម្ភារៈបានតិចតួច ហើយក៏សូមអរគុណដល់ក្រុមសមត្ថកិច្ចផងដែរ ដែលក្នុងករណីនេះ ក្រុមចោរវាភ័យស្លន់ស្លោរ មិនបានវាយធ្វើបាបម្ចាស់ផ្ទះ ។ ក្រុមជនសង្ស័យទាំង ៥ នាក់ មានវ័យ មានកំពស់១,៦៥ម៉ែត្រ ។
ពាក់ព័ន្ធករណីប្លន់ខាងលើនេះ លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌ខេត្តបាត់ដំបងបានឲ្យដឹង នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ថា ក្រោយទទួលព័ត៌មានករណីប្លន់ចំណុចភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី រូបលោកបានរាយការណ៍ជូនលោក ស ថេត ស្នងការខេត្តបាត់ដំបង និងសុំគោលការផែនការចុះស្រាវជ្រាវទាំងយប់ រហូតពេលនេះ មិនទាន់បានទទួលតម្រុយពីក្រោមចោរប្លន់នៅឡើយទេ ហើយសមត្ថកិច្ចនៅតែខិតខំប្រឹងប្រែងដើម្បីចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់់ ៕