ខេត្តបន្ទាយមានជ័យ ៖ រថយន្តរបស់ថៃដឹកពលករខ្មែរជាច្រើននាក់ចេញពីស្រុកខ្មែរ ឆ្ពោះទៅប្រទេសថៃជួបនិងសំណាងអាក្រក់ ក្រឡាប់ចាក់ចោលពលករពេញស្នាមភ្លោះ បណ្តាលឲ្យពលករស្លាប់ម្នាក់នៅនិងកន្លែងហើយមានរបួសជាច្រើននាក់ទៀតនៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២៥ខែមេសាឆ្នាំ២០១៦នៅចំណុចចន្លោះបង្គោលគីឡួម៉ែត្រលេខ២១០និង២១១ស្ថិតក្នុងភូមិ៥ឃុំបរថង ស្រុកកាប៊ីនបូរី ខេត្តស្រះកែវ។
មន្ត្រីអាវុធហត្ថម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុនោះមានរថយន្តរបស់ថៃមួយគ្រឿងបានដឹកពលករខ្មែរជាច្រើននាក់ដឹកចេញពីស្រុកខ្មែរ ឆ្ពោះទៅស្រុកថៃ ដោយល្បឿនលឿន ក្នុងការបើកគេចពីតំរួត លុះបើកមកដល់ចំណុចកើតហេតុនោះ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយកណ្តាលផ្លូវភ្លោះ បណ្តាលឲ្យក្រឡាប់៣ត្រឡប់រីឯពលករក្នុងរថយន្តនោះស្លាប់ម្នាក់ភ្លាមនៅនិងកន្លែង និងរបួសជាច្រើននាក់ទៀត ។
មន្ត្រីអាវុធហត្ថនោះបានបញ្ជាក់ទៀតថា អ្នកដែលស្លាប់មិនស្គាល់អត្តសញ្ញាណ ព្រោះអាជ្ញាធរថៃមិនទាន់បញ្ជូនសពជនរងគ្រោះមកកម្ពុជាវិញ ដោយតំកល់សពនៅពេទ្យស្រះកែវ ប្រទេសថៃ នៅឡើយ ចំណែកជនរងគ្រោះទាំងអស់ត្រូវបានភាគីថៃបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត រីឯអ្នកបើករថយន្តជាជនជាតិថៃនោះរត់គេចខ្លួនបាត់ ៕