ខេត្តបន្ទាយមានជ័យ ៖ លោកអនុសេនីយ៍ទោ កែម ច័ន្ទរស្មី ដឹកនាំកងកំលាំងអន្តរាគមន៍កងរាជ អាវុធហត្ថបានចុះល្បាតប្រទះក្រុមក្មេងស្ទាវ២ក្រុមមានគ្នា៩នាក់ប្រដាប់ដោយដំបងនិងកាំបិតផ្គាក់បំរ៉ុងនឹងបើកការវាយប្រហារគ្នាក៏ធ្វើការអន្តរាគមន៍ឃាត់យកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ នៅវេលាម៉ោង១រំលងអាធ្រាត្រថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខក្លិបកំសាន្តវិមានរៀម ស្ថិតក្នុងភូមិប្រគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានអោយដឹងថា ក្មេងទំនើងទាំង៩នាក់នោះ១/ឈ្មោះ ចាន់ សែន ភេទប្រុស អាយុ២៩ឆ្នាំ ២/ឈ្មោះ សុខ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ សែម ទីន ភេទប្រុស អាយុ២១ឆ្នាំ ៤/ឈ្មោះ យីសីុថេត ភេទប្រុស អាយុ២០ឆ្នាំ. ៥/ឈ្មោះ ប្រាង ធុយ ភេទប្រុស អាយុ១៦ឆ្នាំ ៦/ឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៣ឆ្នាំ ៧/ឈ្មោះ ជៀក ថាវី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៧នាក់រស់នៅក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ៨/ឈ្មោះ រឿម នេត ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង៩/ឈ្មោះ ចាន់ និច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំរហាល ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ៣គ្រឿង ដំបង១ កាំបិតផ្គាក់១ ។
លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានដាក់បទបញ្ជារដល់កងកំលាំង គ្រប់មូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចុះល្បាតគ្រប់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះនិងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅពេលខាងមុខនេះ។
បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់នោះត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាហើយបានឲ្យឪពុកម្ដាយឬអាព្យាបាលធានាយកទៅផ្ទះវិញដើម្បីអប់រំបន្ថែម៕