ខេត្តបាត់ដំបង ៖ រថយន្តស៊ីទែនដឹកសាំងនិងម៉ាស៊ុតគេចពន្ធចេញពីប្រទេសថៃ ឆ្លងកាត់ច្រក៤០០ មកប្រទេសកម្ពុជាចូលក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក្នុង១សប្តាហ៍ម្តងហើយក៏អាចហូរចូលដល់ខេត្តបាត់ដំបងដោយមានការឃុបឃិតពីមន្ត្រីពាក់ព័ន្ធមួយចំនួន ប្រចាំច្រកទ្វានិងមន្ត្រីគយនិងរដ្ឋាករ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាប្រេងសាំងនិងម៉ាស៊ុតដែលដឹកចូមកស្រុកសំឡូតគឺជួយបញ្ចុះតម្លៃប្រេងសាំងឲ្យចុះបានមួយចំនួនប៉ុន្តែរដ្ឋក៏មានការខាតបង់ពន្ធផងដែរ ដោយប្រេងសាំងយកមកស្តុកនៅហ្ការាស់សាំងដែលមានស្លាកយីហោ(……) បង់ពន្ធរួចធ្វើការផ្ទេរបន្តតាមបែបរូបភាពផ្សេងយកទៅលក់ដល់ក្នុងខេត្តបាត់ដំបងយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែក សមត្ថកិច្ចគ្រប់ស្ថាប័ន ជាពិសេស ខាងសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបងតែម្តង។
មន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា ការនាំប្រេងសាំងនិងម៉ាស៊ុតពីប្រទេសថៃចូលមកប្រទេសកម្ពុជាគឺជារបស់ឧកញ៉ាម្នាក់ សុំការអនុគ្រោះពន្ធនាំចូលត្រឹមស្រុកសំឡូតប៉ុណ្ណោះ មិនអាចនាំចេញហួសពីស្រុកសំឡូតឡើយ។តែទោះជាយ៉ាងណាការអនុញាតិនេះប្រហែលត្រូវរ៉ូវគ្នាត្រឹមថ្នាក់ខេត្តតែប៉ុណ្ណោះថ្នាក់លើប្រហែលជាមិនដឹងទេ។
អ្នកយកព័ត៌មានមិនអាចទាក់ទង លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងបានទេ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ ៕