បាត់ដំបង ៖ យុវជនសង្ស័យម្នាក់ចាប់រំលោភសង្សារ ខ្លាចនាងប្រាប់ម្តាយបែកការសម្ងាត់ បានវាយនាងច្រើនដំបងនិងកាប់២ចបកាប់សន្លប់រំលោភសម្រេចហើយគេចខ្លួន១យប់ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកាលម៉ោង៣រសៀលថ្ងៃទី៧ខែមិនាឆ្នាំ២០១៦នៅភូមិទំពូងឃុំតាពូងស្រុកថ្មគោល ។
ហេតុការណ៍វាយចាប់រំលោភកើតឡើងពេលឪពុកម្តាយរវល់ទៅរកត្រីនិងកំពិសនៅវាលស្រែ៣០០ម៉ែត្រពីខ្ទមចាំស្រែកាលពីម៉ោង៧យប់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ គសគ អាយុ១៦ឆ្នាំ របួសលើចុងភ្នែកខាងស្តាំ១ចបកាប់ និងត្រូវថ្គាមស្តាំក្បែរត្រចៀក១ចបកាប់ និងស្នាមជាំនៅដើមដៃស្តាំផងដែររហូតសន្លប់ ។ ជនរងគ្រោះមានម្តាយឈ្មោះ ស៊ុន សឿន អាយុ៥២ឆ្នាំ មានប្តីឈ្មោះ គុណ សុគឿន អាយុ៥៥ឆ្នាំមានទីលំនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ។ ចំណែកយុវជនសង្ស័យមានឈ្មោះ ម៉េត ពឿន អាយុ១៧ឆ្នាំ ត្រូវជាសង្សារជនរងគ្រោះមានទីលំនៅភូមិទំពូងត្បូងឃុំតាពូង ស្រុកថ្មគោល ។
ម្តាយជនរងគ្រោះឈ្មោះ ស៊ុន សឿន បានឲ្យដឹងថា នៅម៉ោង៩ព្រឹកថ្ងៃទី៧ខែមិនាឆ្នាំ២០១៦កូនស្រីជាជនរងគ្រោះនៅជាមួយប្អូនស្រីអាយុ១៣ឆ្នាំ ម្នាក់ទៀតបានទូរស័ព្ទប្រាប់ម្តាយថា ឈ្មោះ ម៉េត ពឿន អាយុ១៧ឆ្នាំ ជាសង្សារបានទូរស័ព្ទ សុំមកលេងនៅខ្ទមចាំចំការ រីឯម្តាយក៏ឆ្លើយតាមទូរស័ព្ទថា បើគេមក លេងធម្មតាក៏មកចុះ។
លុះម៉ោង១០យប់ម្តាយនិងឪពុកបានត្រឡប់មកពីរកកំពិសនិងត្រីវិញ ក៏ឃើញកូនស្រីរងគ្រោះ ដេកសន្លប់ក្បែរខ្ទម ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង ចំណែកកូនស្រី ម្នាក់ទៀត អាយុ១៣ឆ្នាំ ដេកក្នុងខ្ទមជាមួយបងស្រីវា (ជាជនរងគ្រោះ) មិនដឹងរឿង ហេតុកើតឡើងទេ ថ្លង់ស្តាប់មិនឮដោយនៅក្បែរនោះមានគេបញ្ឆេះម៉ាស៊ីនភ្លើងផង ។
ឈ្មោះ ម៉េត ពឿនជនសង្ស័យសារភាពថា ពេលខ្លួនមានបំនងរំលោភនាង តែនាងមិនព្រម ដោយនិយាយថាបើម៉ែដឹងពិតជាមានរឿង ។ ភ្លាមនោះក៏យកដំបងចបកាប់កាប់នាង ហើយនាងនៅតដៃក៏យកដំបងវាយបន្ថែមរហូតសន្លប់ហើយចាប់រំលោភក្រោយពីបានសម្រេចបំនងរួចក៍ជិះម៉ូតូគេចខ្លួនតែម្តង ។
ពាក់ព័ន្ធករណីនេះ លោក ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌បានឲ្យដឹងថា ក្រោយសមត្ថកិច្ចសាកសួរជនសង្ស័យនិងទទួលចម្លើយមកដឹងថា ជនសង្ស័យមានបំនងរំលោភ តែខ្លាចឪពុកម្តាយនាងដឹងក៏មានវិធានការវាយសម្លាប់បំបិទមាត់តែសំណាងល្អជនរងគ្រោះ នៅមានអាយុជីវិត ហើយជនសង្ស័យក៏បានឃាត់ខ្លួនតាមសំណាញ់ច្បាប់ រួចកសាងសំនុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕