ខេត្តមណ្ឌលគិរី ៖ ភ្លើងឆេះឈើហ៊ុបធំៗរាប់ពាន់ដើមក្នុងទីតាំងក្រុមហ៊ុនសម្បទានឈ្មោះយូនីគ្រីនស្ថិតក្នុងស្រុកកោះញែកមិនដឹងមូលហេតុដោយម្ចាស់ក្រុមហ៊ុនដុតឬមានគេលួចដុតយ៉ាងណាទេតែមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយកាលពីម៉ោង០៥ ល្ងាចថ្ងៃ០២មិនា ហើយរហូតមកដល់រសៀលថ្ងៃ០៣មិនានេះអណ្តាតភ្លើងនៅតែបន្តឆេះដដែល ដោយមិនអាច ពន្លត់បាន។
សូមជម្រាបថា ភ្លើងដែលបង្ករអោយមានការខូចខាតឈើខាងលើ គេមិនទាន់ដឹងថា មកពីមូលហេតុអ្វីច្បាស់ នៅឡើយ ខណៈដែលសមត្ថកិច្ចកំពុងតែចុះទៅទីនោះដើម្បីត្រួតពិនិត្យនិងធ្វើការអន្តរាគមន៍។
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីឯកឧត្តមស្វាយ សំអ៊ាង ត្រូវគេឃើញថាបានដឹកនាំកម្លាំងចុះទៅ ដល់គោលដៅ កើតហេតុផងដែរនៅព្រឹក ថ្ងៃទី០៣មិនាឆ្នាំ២០១៦ដើម្បីជួយពន្លត់និងស្រាវជ្រាវរកមូលហេតុនៃការឆេះផងដែរ។
នេះមិនមែនជាលើកទី០១នោះទេ ដែលភ្លើងបានកម្ទេចឈើជាវត្ថុតាងក្នុងក្រុមហ៊ុន ដែស្តុបឈើប្រណិតព្រោះកាលពីខែមករាកន្លង ទៅអគ្គីភ័យក៏បានឆាបឆេះគំនរឈើហ៊ុបនិងឈើអារបួនជ្រុង ក្នុងទីតាំងក្រុមហ៊ុនដីសម្បទានឈ្មោះប៊ិញហ្វឿក ក្នុងស្រុកកែវសីមាអស់រាប់ពាន់កំណាត់ផងដែរ ហើយការឆេះលើកនោះត្រូវគេរាយការថា មានការប៉ងដុតបំផ្លាញ វត្ថុតាងមុននិងគណះ កម្មការថ្នាក់ជាតិចុះទៅពិនិត្យឈើមិនប្រក្រតីនៅទីនោះ។
សូមជម្រាបថា ជំនាញរបស់គណះកម្មាការថ្នាក់ជាតិនៅមិនទាន់បញ្ចប់ការវាស់វែងឈើក្នុងក្រុមហ៊ុនយូនីគ្រីន នៅឡើយ ហើយក្រុមហ៊ុននេះផងទៀត ក៏ត្រូវបានគណះកម្មាការថ្នាក់ជាតិ ដាក់ពាក្យបណ្តឹងមកតុលាការខេត្ត មណ្ដលគិរីរួមនិងក្រុមហ៊ុនឈ្មោះប៊ិញហ្វឿក១ ក្រោមការចោតថា ស្តុកទុកឈើខុសច្បាប់ថែមទៀត។
នាយខណ្ឌរដ្ឋាបាលព្រៃឈើមណ្ឌលគិរីលោក វង់ សុកសេរី បានអោយដឹងនៅព្រឹកនេះផងដែរថា ពិតជាមាន ករណីភ្លើងឆាបឆេះឈើនោះពិតប្រាកដមែន តែមិនទាន់ដឹងអំពីមូលហេតុនោះនៅឡើយ ហើយសមត្ថកិច្ចនិងអាជ្ញាធរនៅក្នុងតំបន់នោះ ដើម្បីស្រាវជ្រាវរកការពិត ៕