បាត់ដំបង ៖ ម្ចាស់ចំការភ្ជួរដីប្រទះឃើញគ្រោងឆ្អឹងមនុស្ស និងក្អមពីសម័យបុរាណដោយគ្រោងឆ្អឹងមនុស្សគឺមានកំពស់រហូតដល់២ម៉ែត្រ និងមានទំហំធំៗថែមទៀតផង ការប្រទះឃើញនេះគឺខណៈដែលម្ចាស់ចំការភ្ជួរដីដើម្បីដាំដុះ ។
ការភ្ញាក់ផ្អើលនេះ គឺបានកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំនុចភ្នំខ្មោច ស្ថិតក្នុងភូមិដំណាក់ចេក ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានចម្ងាយពីទីរួមស្រុកប្រមាណ១០គីឡូម៉ែត្រ តាមផ្លូវដល់ជនបទដាច់ស្រយាល ។
លោក ឡេង ម៉េត អាយុ៤៣ឆ្នាំ ជាម្ចាស់ដីចំការនេះបាននិយាយថា ដីចំការរបស់គាត់ គឺគាត់បានកាន់កាប់ និងភ្ជួររាស់ដាំដំណាំជាច្រើនលើកច្រើនសារ មកហើយ គឺមានន័យថា គាត់បានធ្វើចំការជាច្រើនឆ្នាំណាស់ មកហើយ ប៉ុន្តែមិនដែលបានជួបប្រទះអ្វីដែលប្លែកនោះទេ ដោយទើបតែពេលនេះក៏មានការភ្ញាក់ផ្អើល ដោយសារតែការភ្ជួរដីនេះគឺមានជម្រៅ ប្រហែលពូរចំអាម « ៤តឹក » ក៏ស្រាប់តែបានប្រទះឃើញមានឈើ និងបន្ទះក្តារដែលមានសភាពពុកផុយអស់ទៅហើយ លុះពិនិត្យមើលទៅទើបដឹងថាគឺជាក្តារម្ឈូស ប៉ុន្តែវាខុសប្លែកត្រង់ថា ម្ឈូសនេះមានបណ្តោយវែងខុសពីធម្មតា ។
ប្រភពដដែលបានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលនោះរួចមក ប្រជាពលរដ្ឋដែលធ្វើចំការនៅទីនោះទាំងអស់គ្នាក៏បាននាំគ្នាមកចោមរោមមើល ហើយក៏បានគាស់កកាយដីបំប៉ើងចេញមក ក៏បានប្រទះឃើញគ្រោងឆ្អឹងមនុស្សដែលមានទំហំធំៗ និងមានប្រវែង ២ ម៉ែត្រ ។ មិនត្រឹមតែមានគ្រោងឆ្អឹងប៉ុណ្ណោះទេ ថែមទាំងមានក្អមបុរាណដែលបែកបាក់កាំបិតមួយ និងកងដៃគុជចំនួន២ ។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅប្រកបមុខរបរធ្វើចំការនៅក្នុងតំបន់នោះបាននិយាយថា នៅក្នុងទីតាំងខាងលើគឺមានផ្នូរបុរាណជាច្រើន ដែលនៅសេសសល់ ថែមទាំងមានថ្មប្រសាទបាក់បែកជាច្រើនទៀត ដែលបន្សល់នៅទីនោះ ។ ដោយឡែកចំពោះម្ចាស់ចំការ
បានប្រមូលយកធាតុទាំងនោះទៅរក្សាទុកនៅលើព្រះភូមិរបស់គាត់ដែលតំកល់នៅក្នុងដីចំការរបស់គាត់ ដើម្បីសុំសេចក្តីសុខក្នុងការរស់នៅប្រចាំថ្ងៃ ។
ម្ចាស់ចំការបានសង្កត់ធ្ងន់ថា ការប្រទះឃើញឆ្អឹងដែលសង្ស័យថាជាមនុស្សសម័យដើមនេះគឺគាត់មិនហ៊ានរាយការណ៍ទៅខាងជំនាញអោយដឹងនោះឡើយ ដោយគាត់មានការបារម្ភអំពីការចុះមកស្រាវជ្រាវដែលអាចប៉ះពាល់ដល់ដីចំការរបស់គាត់ ទើបគាត់មានការ
លាក់លៀមនូវអាថ៌កំបាំងនេះមិនប្រាប់អ្នកណាក្រៅពីអ្នកភូមិដែលបានឃើញ និងដឹងរឿង នេះតែប៉ុណ្ណោះ ៕