ខេត្តព្រៃវែង ៖ ម្ចាស់ផ្ទះចាញ់ក្តីធ្លាប់គំរាមអាកសម្លាប់ខ្លួន រារាំងសមត្ថកិច្ចមិនឲ្យអនុវត្តន៍សាលដីកា ត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដឹកនាំកម្លាំងចុះរុះរើបានសម្រេច គួរអោយសង្វែកដល់ម្ចាស់ផ្ទះកាលពីព្រឹកថ្ងៃទី២៥ កុម្ភៈឆ្នាំ២០១៦ ស្ថិតក្នុងភូមិឩត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៌។
លោក ឈឿន សុផុន ព្រះរាជអាជ្ញារងអមសាលាដំបូង ដឹកនាំ សមត្ថកិច្ចចម្រុះ បានអនុវត្តសាលដីការជាលើកទី២ ចុះរុះរើផ្ទះប្រជាពលរដ្ឋមួយកន្លែង ប្រតិបត្តិការលើកទី២នេះគឺធ្វើឡើងបន្ទាប់ពីការចុះរុះរើលើកទី១ត្រូវបានម្ចាស់ផ្ទះគំរាមអាកខ្លួនឯង ដើម្បីរារាំងចំណាត់ការសមត្ថកិច្ច។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៌ខាងលើ មុនដំបូងម្ចាស់ផ្ទះបានគំរាមអាករសម្លាប់ខ្លួន បើសិនជាសមត្ថកិច្ចចូលរុះរើផ្ទះរបស់គាត់ ប៉ុន្តែនៅពេលដែលសមត្ថកិច្ច ចូលទៅចាប់អ្នករារាំង២ទៅ៣នាក់ ដាក់ឡានយកចេញទៅ ទើបក្រុមគ្រួសារម្ចាស់ផ្ទះលែងហ៊ានរារាំង ហើយការរុះរើក៏ដំណើរការ។
លោក ឈឿន សុផុន ព្រះរាជអាជ្ញារងដែលដឹកនាំក្នុងសកម្មភាពខាងលើ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ សុខ នី ភេទស្រី អាយុ៣៩ឆ្នាំ។ ចំពោះការចុះរើគឺអនុវត្តទៅតាមសាលក្រមរបស់សាលាកំពូល ដើម្បីយកដីប្រគល់ទៅឲ្យម្ចាស់បំណុលឈ្មោះ ប្រាក់ ហោលី។
លោកបន្តថា នៅក្នុងសាលក្រមរបស់តុលាការកំពូល មិនបានបង្គាប់ឲ្យរុះរើផ្ទះកូនបំណុលទេ គឺគ្រាន់តែឲ្យកូនបំណុលឈ្មោះ សុខ នី សងលុយចំនួន៩៦០០ដុល្លារ ទៅម្ចាស់បំណុលប៉ុណ្ណោះ ប៉ុន្តែភាគីខាងកូនបំណុលមិនព្រមតាមសំណើ ទើបសមត្ថកិច្ចឈានដល់ការរុះរើផ្ទះរហូតបានសម្រេចតែម្តង ៕