(បន្ទាយមានជ័យ) ៖ បក្ខពួកក្រុមចោរប្លន់អ្នកលក់មាសនៅក្រុងប៉ោយប៉ែតដែលរត់គេចខ្លួនក្រោយធ្វើសកម្មភាពនោះ ចំណោម៣នាក់ដែលរត់គេចខ្លួនបាន១រយៈត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ពាក់ព័ន្ធនិងករណីប្លន់ម្នាក់រួមនិងគូកនប្រុសស្រី២នាក់ទៀត ត្រូវបានចាប់ខ្លួនជាបន្តរ បន្ទាប់។ ជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវបានគេបង្ហើបអោយដឹងថា ទីមួយជាមេក្លោងធំ ឈ្មោះ ហេង អាយុប្រហែលជាង៤០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ធូ អាយុប្រហែល៤០ឆ្នាំ ។ ហើយឈ្មោះ ធូ នេះគឺជាអ្នកកាសែតនិងជាឈ្មួញម៉ូតូ រត់ពន្ធដ៏ល្បីក្នុងក្រុងប៉ោយប៉ែត ។ ចំណែកស្ត្រីដែលឃាត់ខ្លួននោះ ជាប្រពន្ធឈ្មោះ ធូ មានមុខរបរ លក់នំបុ័ងសាច់នៅមុខវត្តប៉ាលិលេយ្យហើយក៍ជនសង្ស័យជាប់ពាក់ពន្ធ័នឹងការផ្តល់ទីតាំង វេលាដែលជនរងគ្រោះរស់នៅនិងចេញទៅលក់ផងដែរ ។
សូមបញ្ជាក់ថា ក្រោយពីមានករណីប្លន់បានកើតឡើងនៅវេលាម៉ោង៧:៥៦នាទីព្រឹក ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនោះ សមត្ថកិច្ចអះអាងថា ទ្រព្យសម្បត្តិជាង៤មឺុនដុល្លារ ត្រូវក្រុមចោរប្លន់យកទៅដោយសុវត្ថិភាព ។
សមត្ថកិច្ចថា ជនរងគ្រោះ ជាស្ត្រី រួមជាមួយកូនស្រី បានជិះម៉ូតូ ចេញពីផ្ទះ ទៅលក់ដូរ ដូចសព្វមួយដង នៅពេលជិះចេញពីផ្ទះប្រមាណជា៥០ទៅ៦០ម៉ែត្រ ត្រូវបានចោរប្លន់មានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង យកអាវុធខ្លីភ្ជង់ ទាមទារទ្រព្យសម្បត្តិ សរុបជាទឹកប្រាក់អស់មាណជាង៤ម៉ឺនដុល្លារ ។
មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មានថា«ក្រោយការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រួចមកនោះនៅរសៀលថ្ងៃនេះកម្លាំងនគរបាលរបស់យើងបានចាប់ជនសង្ស័យ ឈ្មោះ លឹម ទ្រី ហៅទី អាយុ៣៨ឆ្នាំ ដែលជាបក្ខពួកទី៣របស់ក្រុមចោរធ្វើសកម្មភាពប្លន់អ្នកលក់មាសនៅផ្សារយួនក្រុងប៉ោយប៉ែតនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ» ។ ក្រោយពីកម្លាំងក្របួចបានក្រុមចោរប្លន់ប្រដាប់អាវុធបានជោគជ័យរួចមកមតិចេញពីប្រជាពលរដ្ឋបានអោយដឹងថាពិតជាអោយមានមោទនៈភាពណាស់ ដែលកំលាំងនរគបាលខេត្តបន្ទាយមានជ័យ និងកំលាំងនរគបាលអធិការដ្ឋាននរគបាលក្រុងប៉ោយប៉ែត បានតាមប្រមាញ់ក្រុមចោរប្រដាប់អាវុធបានទាំងសំបុក ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋនិងអាជីវករមានការកោតសរសើរ ដោយសមត្ថកិច្ចនរគបាលខេត្តបន្ទាយមានជ័យ សហការជាមួយស្ថាប័នផ្សេងៗឈានទៅដល់ការបង្គ្រាបបានក្រុមចោរប្លន់ប្រកបដោយជោគជ័យ ៕