ខេត្តត្បូងឃ្មុំ ៖ ទណ្ឌិត៤នាក់ត្រូវរ៉ូវជាមួយមន្ត្រីអនុរក្សពន្ធនាគារម្នាក់ចែកចាយថ្នាំញៀនឲ្យអ្នកទោស ដោយទទួលព័ត៌មាននេះលោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីការបង្គាប់ពីថ្ងៃទី១៣ រហូតដល់ព្រឹកថ្ងៃទី១៩ កុម្ភៈ ២០១៦ឲ្យកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន ទាំង៤នាក់ ដែលជាប់ទោសពី១៥ឆ្នាំដល់៥៥ឆ្នាំនៅក្នុងពន្ធនាគារមណ្ឌលអប់រំកែប្រែទី៣ត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំស្រាប់ ដើម្បីកាត់ទោសថ្មីនឹងប្តូរកន្លែងឃុំខ្លួន ។
លោកវរសេនីយ៍ទោ ជួន ផលលី ប្រធានមន្ទីរយុត្តិធម៌នៃអាវុធហត្ថខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីក្នុងមណ្ឌលកែប្រែទី៣ត្រពាំងផ្លុងមកថា មានទណ្ឌិតមួយចំនួនបានកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ហើយត្រូវបានលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ឲ្យរូបលោក និងកម្លាំងជាច្រើននាក់ទៀត ចុះទៅស្រាវជ្រាវជាបន្ទាន់នៅថ្ងៃទី១៣ កុម្ភៈ ដោយឃាត់ទណ្ឌិត២នាក់បញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្ត ព្រមទាំងដកហូតបានថ្នាំញៀនមេតំហ្វេតាមីនក្រាមពណ៌សចំនួន១៣កញ្ចប់ ក្នុងនោះធំ៩កញ្ចប់នៅជាប់នឹងខ្លួនទណ្ឌិតឈ្មោះ ឯក ប៊ុនលី ភេទប្រុស អាយុ៥៥ឆ្នាំ ។
លោកវរសេនីយ៍ទោ ជួន ផលលី ប្រាប់បន្តឲ្យដឹងទៀតថា តាមរយៈការឆ្លើយសារភាព អាវុធហត្ថបានសហការជាមួយប្រធានមណ្ឌលកែប្រែទី៣រហូតមកដល់ថ្ងៃទី១៥កុម្ភៈក៏ឃាត់បានទណ្ឌិត២នាក់ទៀតសរុបបាន ៤នាក់ ក្នុងនោះមាន ១-មេខ្លោងឈ្មោះ ប៊ុន លី ២-ឈ្មោះ ប៊ុន ទ្រី ភេទប្រុស អាយុ៤៥ឆ្នាំ ៣-ឈ្មោះ កែវ រ៉ែន ភេទប្រុស អាយុ៣៣ឆ្នាំ និង ៤-ឈ្មោះ កែវ ជីន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម ដែលក្រុមទាំងនេះគឺសុទ្ធសឹងតែមានទោសបទឧក្រិដ្ឋត្រូវជាប់ពន្ធនាគារចាប់ពី១៥ឆ្នាំឡើងទៅដល់៥៥ឆ្នាំ ។
សកម្មភាពចែកចាយថ្នាំញៀននៅក្នុងមណ្ឌលកែប្រែទី៣ខាងលើត្រូវបានមេខ្លោងទណ្ឌិតឈ្មោះ ប៊ុន លី បានត្រូវរ៉ូវជាមួយមន្ត្រីអនុរក្សពន្ធនាគារម្នាក់ឲ្យយកថ្នាំញៀនដើរទៅចែកចាយដល់អ្នកទោសដែលកំពុងតែជាប់ឃុំនោះ ។
លោកវរសេនីយ៍ទោ ជួន ផលលី ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រុមទណ្ឌិតដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ ត្រូវបានអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តព្រមទាំងចេញដីកាឃុំខ្លួន ដោយបាននាំទៅដាក់នៅពន្ធនាគារផ្សេងពីកន្លែងខាងលើ ៕