ខេត្តឧត្តរមានជ័យ៖ស្ត្រីម្នាក់ស្លាប់ និងមនុស្សប្រុស-ស្រី ៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ក្រឡាប់គោយន្តពេលបើកចុះពីលើភ្នំច្រកជប់គរគី ស្ថិតក្នុងភូមិជប់គរគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅម៉ោងប្រមាណ ១.១៥នាទី.ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល លោក ហម ភិរម្យ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះគោយន្តរួមគ្នា ធ្វើដំណើរឡើងភ្នំទៅច្រកព្រំដែនកម្ពុជា-ថៃជប់គរគី ចូលក្នុងផ្សារថៃទិញទំនិញយកមកប្រើប្រាស់។ ក្រោយពីទិញទំនិញរួច ក៏បាននាំគ្នាធ្វើដំណើរតាមគោយន្តត្រឡប់មកវិញ ពេលដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវកោងខ្លាំងមុខ ខ្ទមអ្នកតាចុះពីលើភ្នំដោយសារល្បឿនគោយន្តលឿនចាប់ហ្វ្រាំងបោកគោយន្តធ្លាក់ប្រឡាយធ្វើឲ្យអ្នកជិះលើគោយន្តធ្លាក់រណូករណែលពេញព្រៃ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានទៅដល់ និងធ្វើការជួយសង្រោះដល់ជនរងគ្រោះ តែអកុសលមានជនរងគ្រោះម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និង ៧នាក់ទៀត របួសធ្ងន់ស្រាល។
លោក ហម ភិរម្យ បានឲ្យដឹងទៀតថា ជនរងគ្រោះទាំង ៨នាក់រួមមាន៖ ១. ឈ្មោះ យៃ លឿ ភេទស្រី អាយុ ៥៥ឆ្នាំ (ស្លាប់នៅកន្លែង កើតហេតុ), ទី២. ឈ្មោះ យាយ យោន ភេទស្រី អាយុ ៥២ឆ្នាំ, ទី៣. ឈ្មោះ ធំ លាស់ ភេទស្រី អាយុ ៣៤ឆ្នាំ, ទី៤. ឈ្មោះ ធំ អិលភេទស្រី អាយុ ២៧ឆ្នាំ, ទី៥. ឈ្មោះ ម៉ា មូត ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៦. ឈ្មោះ កង វាដនា ប្រុស អាយុ ២ឆ្នាំ, ទី៧. ឈ្មោះ ម៉ូតមាន ភេទប្រុស អាយុ ២ឆ្នាំ។ ជនរងគ្រោះទាំងអស់រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង។
ក្រោយពិនិត្យរួចជនរងគ្រោះដែលស្លាប់បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួស បានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ៕
ដោយព្រំសំ