ខេត្តណ្ឌលគិរី ៖ លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីកំពង់តែល្បី ឈ្មោះថាបាននិងកំពង់តែព្យាយាមប្រើអំណាចដើម្បីគំរាមកំហែងក៏ដូចជា បំបាក់ស្មារតីរបស់ក្រុមអ្នកសារព័ត៌មាន និងភ្នាក់ងារទូរទស្សន៏មួយចំនួននៅក្នុងខេត្តមណ្ឌលគិរី ។
បើតាមការតាមដានព័ត៍មានគ្រប់អង្គភាព ក៏ដូចជាទូរទស្សន៏ស្ទើទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ខែ កុម្ភៈ ឆ្នាំ២០១៦ នេះបានចុះផ្សាយថា លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរូបនេះបានធ្វើការចាប់ខ្លួន អ្នកសារព័ត៌មានម្នាក់របស់ ទូរទស្សន៏ខ្មែរប៉ុស្ត៏លេខ៩ ដោយគ្មានដីការចាប់ខ្លួនផងនោះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយក៏បានដោះលែងមកវិញ នៅវេលាម៉ោង១០ ៤០នាទីក្នុងថ្ងៃដដែល ដោយគ្រាន់តែទូរទស្សន៏ខ្មែរប៉ុស្តិ៍លេខ៩បានចុះផ្សាយថា លោក សាក់ សារ៉ាង ជាឈ្មួញរកស៊ី ឈើធំជាងគេនៅក្នុងខេត្តមណ្ឌលគិរី ។
ជុំវិញបញ្ហានេះ បើយើងវិភាគទៅលើផ្លូវច្បាប់សំរាប់អ្នកសារព័ត៌មាន គឺលោក សាក់ សារ៉ាង គ្រាន់តែជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តតែប៉ុណ្ណោះ ដូច្នេះលោកមិនមានសិទ្ធអ្វី ដែលត្រូវចាប់ខ្លួនអ្នកសារព័ត៌មានយកមកសួរចំលើយនៅក្នុងអង្គភាពរបស់ ខ្លួននោះទេ ប្រសិនបើលោកពិតជាមិនមែនជាឈ្មួញរកស៊ីឈើពិតមែននោះ លោកគួរតែធ្វើលិខិតមួយផ្ញើរទៅស្ថានីយ៏ទូរទស្សន៍ដែលបានចុះផ្សាយខុស ពីការពិតនោះ ដើម្បីធ្វើការបកស្រាយ និង បំភ្លឺថាខ្លួនពិតជាមិនមែនជាឈ្មួញរកស៊ីឈើពិតប្រាកដមែន រឺក៏ជំរើសមួយទៀតលោក សាក់ សារ៉ាង អាចទៅដាក់ពាក្យបណ្តឹងនៅតុលាការ ដើម្បីរកយុតិធម៌សំរាប់ខ្លួនឯងទៅតាមនីតិវធីច្បាប់ ។ ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក គឺលោកបានបញ្ជាឲ្យកម្លាំងរបស់លោកចាប់ខ្លួនភ្នាក់ឆ្លើយឆ្លងព័ត៌មាន របស់ទូរទស្សន៏ខ្មែរប៉ុស្ត៏លេខ៩ម្នាក់ប្រចាំខេត្តមណ្ឌលគិរី ឈ្មោះ វ៉ាន់ ទិត្យ ស្ថិតត្រង់ចំណុចភូមិអូរណា ឃុំឆ្នែង ស្រុកកែវសីមា ខេត្តមណ្ដលគិរី យកមកសួរចំលើយនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលជាហេតុធ្វើឲ្យគ្រប់មជ្ឍដ្ឋាននានាក៏ដូចជាក្រុមអ្នកសារព័ត៍មាន ទូទាំងប្រទេសមានការមិនពេញចិត្តនឹងទង្វើប្រាស់ចាកពីនីតិវិធី ច្បាប់ បែបនេះ ។
ពាក់ព័ន្ធទៅនឹងករណីឆ្គាំឆ្គងយ៉ាងធ្ងន់ធ្ងរបែបនេះ តើឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសគួរតែ កាត់សាច់ដំបៅស្អុយរលួយមួយដុំនេះចេញ ឬក៏ត្រូទុកឲ្យសាច់រលួយស្អុយមួយដុំនេះធ្វើការឆ្លងរាលដាល បន្តទៅទៀតដោយសេរី ៕
ដោយ គឹម ចំរើន