ថ្នាក់ដឹកនាំយោធភូមិភាគទី១ ប្រកាសជំហរការពារសន្តិភាព ដោយមិនឲ្យប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាម និងប្រឆាំងដាច់ខាតចំពោះក្រុមប្រតិកិរិយា ទប់ស្កាត់មិនឲ្យកើតមានបដិវត្តពណ៌នៅកម្ពុជានោះទេ ។
អង្គភាពយោធា នៃយោធភូមិភាពទី១ និងអងង្គភាពចំណុះទាំងអស់ បានប្រកាស និងប្តេជ្ញាចិត្តថា នឹងឈរនៅជាកម្លាំងអព្យាក្រឹត្យចំពោះបក្សនយោបាយ តែប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយ របស់ក្រុមប្រតិកិរិយាជ្រុលនិយម ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះ។
ការប្រកាសជំហររបស់ថ្នាក់ដឹកនាំយោធភូមិភាគទី១នោះ បានធ្វើឡើងនៅថ្ងៃច័ន្ទទី៨ កុម្ភៈដើមសប្តាហ៍ម្សិលមិញនេះ នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង ក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៥ និងផ្សព្វផ្សាយទិសដៅការងារយោធាឆ្នាំ២០១៦ ក្រោមវត្តមានមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោនាម អៀង អភិបាលរងខេត្តស្ទឹងត្រែង ឯកឧត្តមឈាង ឡាក់ ក្រោមកិច្ចស្វាគមន៍ពីមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រីស្វាយ ញ៉ន និងមានការចូលពីពីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីម៉ៅ តារា ព្រមទាំងអង្គភាព មន្ទីរ ក្រុង និងស្រុកចំណុះរដ្ឋបាលសាលាខេត្តទាំងអស់ ប្រមាណជាង១០០នាក់នោះថែមទៀត។
រីឯការប្រកាសជំហរការពារសន្តិភាពនេះ អង្គភាពយោធាខេត្ត ធ្វើឡើងស្របពេលដែលទំព័រហ្វេសប៊ុកសម្តេចតេជោសែន នាយករដ្ឋមន្ត្រីបានបង្ហាញថា សន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់បំផុត សម្រាប់មនុស្សជាតិទូទៅ មិនថាតែកម្ពុជាទេ។