បាត់ដំបង ៖ ប្រជាពលរដ្ឋជាង១០០នាក់មានទំនាស់បញ្ហាដីធ្លីជាមួយក្រុមហ៊ុនមានសម្បត្តិ កាលពីព្រឹកថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៦បាននាំគ្នាមកតវ៉ាសុំឲ្យលោកច័ន្ទសុផលអភិបាលខេត្តជួយអន្តរាគមឲ្យជួយរកដីធ្វើស្រែចំការនិងដោះលែងបុរសម្នាក់ជាសកម្មជនដីធ្លីត្រូវគេចាប់យកមកឃុំខ្លួន។
តំណាងប្រជាពលរដ្ឋឈ្មោះអ៊ុតម៉ៅនិងឈ្មោះអឿតវែងបានឲ្យដឹងថាប្រជាពលរដ្ឋជាង១០០នាក់មកពីភូមិទួលក្រសាំងនិងភូមិអូរគគីរឃុំសិរីមានជ័យស្រុកសំពៅលូនបាននាំគ្នាឡើងមកខេត្តបាត់ដំបងតាំងពីល្ងាចថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៦ បន្ទាប់ពីមានក្រុមសមត្ថកិច្ចចុះទៅចាប់ឈ្មោះ ឈន ឆាត ភេទប្រុសអាយុ៥៨ឆ្នាំជាសកម្មជនជួយដោះស្រាយបញ្ហាដីធ្លីយកមកឃុំខ្លួន។ប៉ុន្តែខាងតុលាកាមិនអនុញាតឲ្យប្រជាពលរដ្ឋចូលជួបឡើយ។
បញ្ហាដីធ្លីដែលមានទំនាស់ជាមួយក្រុមហ៊ុនសួនមានសម្បត្តិតាំងពីឆ្នាំ២០១១ ដោយខាងក្រុមហ៊ុនសន្យាថាបើប្រជាពលរដ្ឋមានដី៧ហិកតាត្រូវសម្បទានឲ្យក្រុមហ៊ុន៤ហិកតា បើមាន៤ហិកតាត្រូវសម្បទាន២ហិកតា ប៉ុន្តែដីដែលប្រជាពលរដ្ឋមាន៤ហិកតា ត្រូវគេយកទាំងអស់ ហើយរឿងដីនេះវាស្មុគស្មាញណាស់ពេលនេះ។
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រជាពលរដ្ឋមកមុខសាលាខេត្តបាត់ដំបងទាមទារឲ្យលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ជួយរកយុត្តិធម៌ឲ្យឈ្មោះ ឈន ឆាត ជាសកម្មជនជួយដោះស្រាយបញ្ហាដីធ្លីឲ្យមានសេរីភាពផង និងសូមជួយវាស់វែងដីធ្លីឲ្យប្រជាពលរដ្ឋឲ្យសមរម្យផង ។
លោក ឆាយ ម៉ាទីណាល់ នាយរងខុទ្ទកាល័យសាលាខេត្តបាត់ដំបង បានចេញមកជួបប្រជាពលរដ្ឋហើយនិយាយថា រឿងបញ្ហាដីទំនាស់ខាងសាលាខេត្តបានកំពុងយកចិត្តទុកធ្វើការដោះស្រាយជាមួយក្រុមហ៊ុនសួនមានសម្បត្តិ ។
ទោះជាការបកស្រាយយ៉ាងណា ភាគីខាងប្រជាពលរដ្ឋថា មន្ត្រីកាន់ជើងខាងក្រុមហ៊ុនដូច្នេះ លុះត្រាបានជួបលោកអភិបាលខេត្ត ទើបពួកគាត់ព្រមត្រឡប់ទៅផ្ទះវិញ ។ ក្រោយមក ខាងសាលាខេត្តបានឲ្យតំណាងប្រជាពលរដ្ឋចំនួន១០នាក់ចូលជួប។
ពាក់ព័ន្ធករណីខាងលើនេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានសន្យាថា ១សប្តាហ៍ទៀត នឹងចុះទៅវាស់វែងដីឲ្យប្រជាពលរដ្ឋនៅចំណុចកើតហេតុ ហើយអនុញាតឲ្យក្រុមគ្រួសារលោក ឈន ឆាត ចូលទៅជួបជនរងគ្រោះនៅសាលាដំបូងខេត្ត នឹងរកវិធីដោះស្រាយជាក្រោយទៀត ៕