ខេត្តតាកែវ ៖ យោងបណ្តឹងដែលការិយាល័យនៃសារព័ត៌មានយើងបានទទួលនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ លោកសក្តិ ៥ អេងឃាង មេបញ្ជាការវរៈសេនាតូចការពារព្រំដែនលេខ៣០១ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ស្ថិតក្នុងឃុំគិរីចុងកោះស្រុកគិរីវង់ខេត្តតាកែវត្រូវបាននាយទាហាននាយទាហានរងពិសេសកូន ចៅក្រោមឱវាទប្តឹងទាមទារថ្នាក់លើធ្វើការផ្លាស់ប្តូរចេញពី តំណែងជាមេបញ្ជាការរវៈចំនួន៧លើករួចមកហើយ។ ប៉ុន្តែគេពុំទាន់ឃើញមានការដោះស្រាយចេញជាដុំកំភួននោះទេ មិនតែប៉ុណ្ណោះមេបញ្ជាកា ររូបនេះត្រូវបានតម្លើងឋានន្តរសក្តិទៀតផង ។
នៅក្នុងអត្ថន័យបណ្តឹងលោក អេង ឃាង ជាប់ពាក់ព័ន្ធការប្រព្រឹត្តទង្វើជាច្រើនដូចជាប្រើអំណាចផ្តាច់ការ បក្ខពួកនិយម គ្រួសារនិយម គំរាមកំហែងគ្រប់បែបយ៉ាងផ្នែកសតិអារម្មណ៍ដោយគាត់បានយកឈ្មោះ ថ្នាក់ដឹកនាំមកបំភិតបំភ័យដល់នាយទាហាន នាយទាហានរង ក្រោមឱវាទ ។ មិនតែប៉ុណ្ណោះ បានប្រព្រឹត្តអំពើពុករលួយ រួមមានកាត់ប្រាក់ហូបចុករបស់កងទ័ព ជាច្រើនឆ្នាំ ដោយយកលេសកសាងអង្គភាព ស៊ីដាច់ប្រាក់ឧបត្ថម្ភ១ម៉ឺនដុល្លារ ដែលលោកឧកញ៉ា លី យ៉ុងផាត់ ផ្តល់ជូនសម្រាប់ទិញរថយន្តប្រើប្រាស់ក្នុងអង្គភាព ស៊ីដាច់ប្រាក់ឧបត្ថម្ភដែលក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទផ្តល់ជូននាយ ទាហា និងនាយទាហានរងក្នុងរដូវបុណ្យទាន ប្រើអំណាចទឹកប្រាក់ជាមួយថ្នាក់លើដើម្បីទប់តំណែងរបស់ខ្លួន ដែលត្រូវមន្ត្រីយោធាក្រោមឱវាទប្តឹង ។
នៅក្នុងនោះ មន្ត្រីយោធាក្នុងអង្គភាពក៍បានលើកឡើងថា បណ្តឹងទាំងឡាយខាងលើបានអូសបន្លាយរយៈពេលជាយូរមកហើយ ។ ប៉ុន្តែនៅតែគ្មានចំណាត់ការណាមួយពីថ្នាក់លើ ទាំងអស់គឺមានតែការផ្លាស់ប្តូរមុខតំណែងមេបញ្ជាការមេបញ្ជាការរង អនុសេនាតូច អនុសេនាធំ និងមេបញ្ជាការរងវរៈ ដែលសុទ្ធសឹងជាខ្សែបណ្តាញរបស់លោក អេង ឃាង តែប៉ុណ្ណោះ ។
នៅក្នុងបណ្តឹងទាំងនេះស្នើសុំអោយសារព័ត៌មានយើងធ្វើការចុះផ្សាយ និងមាន ការដោះស្រាយពីថ្នាក់ជាតិ បើមិននោះសោត មន្ត្រីយោធាដែលផ្តិតមេដៃមានចំនួន៨០នាក់ រួមនិងក្រុមគ្រួសារសាច់ញាតិនឹងមិនទៅបោះឆ្នោតនៅអណត្តិខាងមុខឡើយ ។
ពាក់ព័ន្ធសេចក្តីរាយការណ៍នេះផងដែរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ យើងបានទទួលទូរស័ព្ទពីមន្ត្រីយោធាម្នាក់ក្នុងចំ ណោម៨០នាក់ ប្រាប់អោយដឹងថា កន្លងទៅ ក្រុមអធិការកិច្ចលោកឧត្តមសេនី យ៍ទោផ្កាយ ២ សូរ តាន់រិទ្ធី តំណាងដ៍ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានចុះមកធ្វើអធិការកិច្ច ដោយបានហៅនាយទាហាន និងពលទាហានទាំងអស់១៥៧នាក់ធ្វើការសាកសួរម្នាក់ម្តង រួចធ្វើរបាយការណ៍ដាក់ជូននាយកដ្ឋានកងទ័ពជើងគោក នាយឧត្តមសេនីយ៍ មាស សុភា ចាត់វិធានការបន្ត ។ ប៉ុន្តែរហូតម កដល់បច្ចុប្បន្ន បែរជាស្ងាត់ឈឹង គ្មានដំណោះស្រាយអ្វីទាំងអស់ ។
សារព័ត៌មានយើងបានព្យាយាមទូរស័ព្ទទៅលោក អេង ឃាង មេបញ្ជាការរវៈសេនាតូច លេខ៣០១។ ប៉ុន្តែទូរសព្ទ័ចូលតែមិនលើក ៕