រាជធានីភ្នំពេញ ៖ ជនមិនជនមិនស្គាល់មុខជិះម៉ូតូស្ទាក់បាញ់បុរស ២ នាក់ ជិះម៉ូតូមួយគ្រាប់ បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ សង្ស័យរឿងគំនុំ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងគួរអោយរន្ធត់ កាលពីវេលាម៉ោង១០និង៤នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ៧០ ចំណុចច្រកចូលរវាងផ្ទះសំណាក់៦១៦ និងកន្លែងជួសជុល និងលាងរថយន្តតាអុល SNC ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។
បុរសជនរងគ្រោះដែលត្រូវបានគេបាញ់នោះឈ្មោះ សុខ មករា អាយុ២១ ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រីឯជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគាត់ឃើញម៉ូតូជនរងគ្រោះមួយគ្រឿងម៉ាក MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខជិះគ្នាពីរនាក់ តាមបណ្តោយផ្លូវ៧០ពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏លេចចេញម៉ូតូធំមួយគ្រឿងទៀត មិនស្គាល់ម៉ាកជិះគ្នាពីរនាក់ស៊ីវិលម្នាក់ពាក់អាវសមត្ថកិច្ចម្នាក់ស្របទិសគ្នា ស្រែកប្រាប់អោយម៉ូតូជនរងគ្រោះឈប់ តែម៉ូតូជនរងគ្រោះមិនឈប់ភាគីជនបង្កបានបាញ់មួយគ្រាប់ ហើយហក់ចាប់ក្របួចកអាវជនរងគ្រោះមួយភ្លែតហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងថា ជនបង្កជាសមត្ថកិច្ចពិតប្រាកដ ឬមានជនខិលខូចក្លែងបន្លំ ជាសមត្ថកិច្ចនោះទេ សន្និដ្ឋានជំហ៊ានដំបូងជារឿងគំនុំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថបានទៅដល់កន្លែងកើតហេតុពិនិត្យមើល និងបានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ និងតាមបករម៉ាញ់ចាប់ជនសង្ស័យ តែមិនទាន់ដោយមេឃងងឹតនិងស្ថានភាពចរាចរណ៍មិនអំណោយទាន ៕