បាត់ដំបង ៖ ប្រជាពលរដ្ខអត់ផ្លូវចេញចូលរស់នៅដូចរន្ធក្តាម ត្រូវអ្នកមានផ្ទះខាងមុខធ្វើរបងថ្មបិទផ្លូវមិនឲ្យដើរ តាំងពីព្រឹកដល់ល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំង។
ក្នុងករណីនេះ ក្រុមគ្រួសារម្ចាស់ផ្ទះខាងមុខគំរាមអ្នកសារព័ត៌មានប្រចាំថ្ងៃម្នាក់មិនឲ្យថតរូបយកផ្សាយដោយចាប់ដាក់ខ្នោះ និងយកដំបងឆក់ ដើម្បីបញ្ឈប់សកម្មភាពថតរូបភាពផ្សេងៗ ដោយមានអាវុធហត្ថក្រុងបាត់ដំបងចុះអន្តរាគមន៍ ទើបស្ថានភាពបានធូរស្រាលចំពោះអ្នកព័ត៌មាន។
ប្រភពបានឲ្យដឹងថា ម្ចាស់ផ្ទះខាងមុខមានទី១ឈ្មោះ កន ស៊ីនួន ហៅមុំ ភេទស្រី អាយុ៤៥ឆ្នាំ(កំពុងធ្វើរបង) ។ ទី២ ឈ្មោះ នេត បេតភេទប្រុសអាយុ៧០ឆ្នាំ (ត្រូវពូរបស់ឈ្មោះ កន ស៊ីនួន ហៅមុំ)។ ចំណែកម្ចាស់ផ្ទះជួរក្រោយ មានឈ្មោះនៅ វុធ ពោ ភេទស្រីអាយុ៦០ឆ្នាំ របរលក់ចៀននៅភូមិខាងលើ។
ស្ត្រីឈ្មោះនៅ វុធ ពោ បានឲ្យដឹងថា គាត់បានដើរតាមផ្លូវចន្លោះផ្ទះឈ្មោះ កន ស៊ីនួន ហៅមុំនិងឈ្មោះនេតបេតតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ នៅពេលឆ្នាំ២០១០ ប្រកាសធ្វើប្លង់ឈ្មោះ ម៉ារិន ឧត្តមឆ័យមន្ត្រីភូមិបាលក្រុងបាត់ដំបងបានចុះវាស់ទុកផ្លូវចេញចូល១,៧០ម៉ែត្រ ។ ដោយមានការសន្យាទុកផ្លូវឲ្យចេញចូល ទើបខ្លួនមិនដែររវល់រឿងទំនាស់អ្នកជិតខាង ប៉ុន្តែដើមឆ្នាំ២០១៦នេះ ផ្ទះឈ្មោះកនស៊ីនួនហៅមុំ និងឈ្មោះ នេត បេត បានរៀបចំចាក់ថ្មធ្វើរបងតែម្តង ដោយមានសំអាងឯកសារប្លង់រឹងចេញ ដោយលោក ងួន រតនៈ (អភិបាលរងខេត្តបាតដំបង) ។
ឈ្មោះ កន ស៊ីនួន ហៅមុំនិងឈ្មោះ នេត បេត អ្នកមានផ្ទះខាងមុខបានអោយដឹងថា ផ្ទះខាងមុខមានប្លង់អនុញាតអោយអ្នកក្រោយដើរច្រើនឆ្នាំ ហើយឈ្មោះ កន ស៊ីនួន ហៅមុំជាស្ត្រីមេម៉ាយមានកូនក្រមុំ២នាក់ពេលនេះ ដោយអាងច្បាប់ប័ណ្ណកម្មសិទ្ធិធ្វើរបងការពារទ្រព្យសម្បត្តិនិងកិត្តិយសកូនៗ មិនតែប៉ុណ្ណោះ បានចាក់ដីលុបប្រឡាយឲ្យអ្នកមានផ្ទះនៅក្រោយដើរវាងតែពួកគេមិនព្រម ។
លោក ម៉ារិន ឧត្តឆ័យ មន្ត្រីភូមិបាលក្រុងបាត់ដំបងបានប្រាប់អ្នកយកព័ត៌មានថា កាលរូបលោកចុះវាស់វែងនៅចំណុចកើតហេតុ រូបលោកសុំថ្នាក់លើបើកផ្លូវឲ្យអ្នករស់នៅខាងក្រោយចេញចូល២ម៉ែត្រ ប៉ុន្តែថ្នាក់លើសម្រេចទុកផ្លូវឲ្យចំនួន១,៥០ម៉ែត្រ ។ ប៉ុន្តែបច្ចុប្បន្នឈ្មោះនៅ វុធ ពោ យល់ព្រម ឬត្រូវរ៉ូវគ្នា ឬចាញ់បោកល្បិចគេផ្តិតមេដៃទទួលក៏រូបលោកមិនដឹង ព្រោះហួសដែនសមត្ថកិច្ច ។
លោក ហេង សារ៉ាត់់ មន្ត្រីយុត្តិធម៌សាលាក្រុងបាត់ដំបងបានឲ្យដឹងថា ឈ្មោះ កន ស៊ីនួន ហៅមុំ និងឈ្មោះ នេត បេត មានប្លង់ប្រាកដមែន ប៉ុន្តែការធ្វើរបងមិនទាន់មានច្បាប់អនុញាតពីអាជ្ញាធរក្រុងនៅឡើយទេ ។
ពាក់ព័ន្ធករណីនេះ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា រូបលោកនឹងពិនិត្យព័ត៌មានខាងលើ ហើយនិងចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យជាក់ស្តែង ៕