ខេត្តបន្ទាយមានជ័យ ៖ លោក ស ប៊ុនសឿង មេបញ្ជាការរងអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីអាវុធហត្ថក្រោមឱវាទ បាននាំអំណោយទៅជូនសពម្តាយលោក សាំង ភិរម្យ អាវុធហត្ថស្រុកព្រះនេត្រព្រះ នៅព្រឹក ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៦ ។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធខេត្តបន្ទាយមានជ័យ តំណាងឲ្យលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងនាយនាយរងអាវុធហត្ថជាច្រើននាក់ បាននាំយកអំណោយជាអង្ករចំនួន១៥០គីឡូក្រាម និងថវិការបស់អង្គភាព និងសប្បុរសជនចំនួន ៣ លាន ៣ សែន ៨ ម៉ឺនរៀល ជូនដល់ក្រុមគ្រួសារសពម្តាយលោក ព្រិនបាលឯក សាំង ភិរម្យ សមាជិកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដែលម្ដាយលោក បានទទួលមរណ:ភាព កាលពីវេលាម៉ោង៦និង៤៣នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងជន្នាយុ ៦២ ឆ្នាំ ។
សពបានតំកម្កល់ទុកនៅគេហដ្ឋានរបស់សព ក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងពិធីបុណ្យសពម្តាយលោក សាំង ភិរម្យ នោះលោកវរ:សេនីយ៍ ស ប៊ុនសឿង បាននិយាយថា ថវិកា ចំនួន៣.៣៨០.០០០រៀល នោះបានមកពី អង្គភាព របស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសប្បុរសជនជាច្រើននាក់ទៀត ដើម្បីយកទៅចូលរួមរំលេកទុក្ខ របស់ក្រុមគ្រួសារនៃសព ។
លោក វរ:សេនីយ៍ឯក ស ប៊ុនសៀង បានបញ្ជាក់ទៀតថា រយ:ពេលកន្លងមកអង្គភាពរបស់កងរាជអាវុធខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ទាំងសមាជិកអាវុធហត្ថទាំងក្រុមគ្រួសារទាំងអស់បើក្រុមគ្រួសារណាជួបប្រទះ និងទុក្ខលំបាកអ្វីមួយគឺអង្គភាព កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ដល់កងកំម្លាំងទាំងអស់និងចែកអំណោយជូនទាំងអស់ ៕