ខេត្តសៀមរាប ៖ ឈ្មោះភា បើកល្បែងស៊ីសងបៀរអាប៉ោង នៅភូមិចុងកៅស៊ូ ចាញ់ ឈ្នះរាប់លានរៀល និងរាប់ម៉ឹនដុល្លា បណ្តាលឲ្យរាស្ត្រក្រីក្រ ខ្លះអស់ផ្ទះសំបែង ព្រាត់គ្រួសារ ខ្លះក្លាយជាចោរ ខ្លះធ្វើអត្តឃាត លោកអធិការក្រុងសៀមរាប មិនបង្ក្រាប ដោយយកលេស គ្មានហេតុផល ។
ប្រភពពីអ្នកលេងល្បែងស៊ីសង និងប្រជាពលរដ្ឋបន្តឱ្យដឹងទៀតថា ឈ្មោះ ភា បានបើកលេងល្បែង អាប៉ោងយូរឆ្នាំ មកហើយ ប្រជាពលរដ្ឋក៏មានការធុញថប់ខ្លាំងដែរ ពេលមានរឿងឈ្លោះប្រកែកគ្នាពីអ្នកលេងល្បែង និងសម្លេងហូរកញ្ច្រៀវ និងសម្លេងម៉ូតូ-ឡាន ចេញចូលរាល់ថ្ងៃយប់ ប៉ុន្តែមិនដឹងទៅប្តឹងសមត្ថកិច្ចណាទេ ព្រោះពេលរាយការណ៍ប្រាប់អស់លោក គឺវាដដែលៗ មិនបង្ក្រាបមិនហាមឃាត់់ឬអប់រំកុំឲ្យរំខានដល់អ្នកដ៏ទៃ។ ហើយបនល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យមានបទល្មើសផ្សេងៗទៀត កើតឡើងយ៉ាងពេញបន្ទុក ហើយអ្នក ញៀនល្បែងខ្លះចាញ់អស់ដី ផ្ទះសម្បែង អស់លុយអស់ទ្រព្យសម្បត្តិនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារទៀតផង ។ ដោយឡែកល្បែងស៊ីសង គឺជាប្រភពនៃអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គមជាតិ ព្រោះដើម្បីស្រង់ដើមអ្នកចាញ់ល្បែងខ្លះបាន ប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់បាញ់សម្លាប់ គួរឱ្យព្រួយបារម្ភ ។
ប្រភពបន្តទៀតថា ឈ្មោះ ភា បើកវង់អាប៉ោងលេងគគ្រឹកគគ្រេងពេលក្រុមគ្រួសារពួកខ្ញុំ រកចំណូលបានតិចតួច ឆ្លៀតយកប្រាក់ទៅលេងចាញ់អស់រក ប្រាក់ឱ្យកូនទៅរៀនមិនមាន និងប្រាក់ទិញម្ហូបប្រចាំថ្ងៃក៏គ្មានបណ្តាលឲ្យឈ្លោះគ្នារាល់ថ្ងៃតែម្តង ។
ពាក់ព័ន្ធវង់ល្បែងស៊ីសងរបស់ឈ្មោះ ភា ពេលអ្នកយកព័ត៌មានយើងធ្លាប់ធ្វើបទសម្ភាសន៍ លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាបកាលចុងខែធ្នូឆ្នាំ២០១៥ រូបលោកអធិការថាកំពុងរៀបចំផែនការចុះបង្ក្រាប តែរហូតដល់ខែមករាឆ្នាំ២០១៦ បនល្បែងស៊ីសងរបស់ឈ្មោះ ភា នៅតែបន្តជានិច្ច។
ដូច្នេះប្រជាពលរដ្ឋសូមសមត្ថកិច្ច ក្នុងខេត្តសៀមរាបនិងក្រុមការងារចុះជួយក្រុងសៀមរាប មេត្តាជួយបង្ក្រាបវង់ល្បែងនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គមជាតិ គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង ៩ចំណុច របស់រដ្ឋាភិបាលនិងដើម្បីក្រុមគ្រួសារប្រជាពលរដ្ឋរស់ដោយសុខដុមរម្យនា ៕