បាត់ដំបង ៖ កម្លាំងនគរបាលស្រុកកំរៀង សហការនគរបាលស្រុកភ្នំព្រឹក ចុះបង្ក្រាបទីតាំង ចែកចាយថ្នាំញៀន ៤ កន្លែងឃាត់មនុស្ស ៣ នាក់ និងថ្នាំញៀនប្រភេទយ៉ាម៉ា ១៣៩៧ គ្រាប់ កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៥ ។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀងបានឲ្យដឹងថា ក្រោមការដឹកនាំកម្លាំងរបស់លោក ផាន់ ចាន់ណារ៉ា អធិការស្រុកកំរៀង កាលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ចុះបង្ក្រាបករណីលក់ចែកចាយថ្នាំញៀន នៅចំណុចទី១ ៖ ឃាត់ខ្លួនបុរសម្នាក់មានឈ្មោះ ធឿង ខុំ អាយុ៤៦ឆ្នាំ រស់នៅក្រុមទី៩ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង និងដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៣ថង់ ច្រកថង់ប្លាស្ទិកខៀវ រុំស្គុតពណ៌ខ្មៅ ស្មើចំនួន៤៤៤គ្រាប់ ។ ជនសង្ស័យឈ្មោះ ធឿង ខុំ សារភាពថាទិញពីឈ្មោះ ម៉ឹង ជាង ។
យោងតាមចម្លើយជនសង្ស័យខាងលើ លោក ផាន់ ចាន់ណារ៉ា អធិការស្រុកកំរៀងបានសុំគោលការណ៍ព្រះរាជអជ្ញារចុះទៅចំណុចទី ២ ៖ ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ឹង ជាង អាយុ៤៧ឆ្នាំរស់នៅក្រុមទី៦ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង (មិនមានវត្ថុតាង) ។ ជនសង្ស័យឈ្មោះ ម៉ឹង ជាង បានសារភាពថា ទិញពីឈ្មោះ ភីន រស់នៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ។
សមត្ថកិច្ចបានបន្តនិតិវិធីសហការជាមួយកម្លាំងនគរបាលស្រុកភ្នំព្រឹក ឈានដល់ការបង្ក្រាបចំណុចទី៣ ឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហាស់ ស្រីម៉ៅ ហៅ ភីន អាយុ៥៧ឆ្នាំ ដកហូតថ្នាំញៀនយ៉ាម៉ាចំនួន ៥ ថង់ ច្រកថង់ប្លាស្ទិកខៀវ រុំស្គុតពណ៌ខ្មៅ ស្មើចំនួន៩៥៣គ្រាប់ ។
ក្រោយពីការបង្ក្រាបនៅចំណុចទី៣ សមត្ថកិច្ចបន្តទៅចំណុចទី៤ ក្នុងភូមិអូរឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ប៉ុន្តែត្រូវក្រុមសង្ស័យបិទទ្វារផ្ទះ រត់គេចខ្លួនអស់ (ផ្ទះម្ចាស់មិននៅទៅប្រទេថៃអស់) ។
លោក ស្រី វុឌ្ឍី អធិការរងស្រុកកំរៀងបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់ និងវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ា១៣៩៧គ្រាប់ ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ចាត់ការបន្តតាមផ្លូវច្បាប់់ ៕