ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ២៥ ខែ ធ្នូឆ្នាំ២០១៥នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាបមានបើកវគ្គផ្សព្វផ្សាយគោលនយោបាយជាតិ និង ផែនការសកម្មភាពជាតិ ស្តីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូច ឆ្នាំ២០១៤.២០១៨ក្រោម អធិបតីភាពឯ.ឧពៅ ពិសិដ្ឋអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អគ្គនាយកដ្ឋានគាំពារកុមារតូច អស់លោក លោកស្រីជា គណៈអភិបាលក្រុង ស្រុកមេឃុំ ចៅសង្កាត់ និង មន្ត្រីទទួលបន្ទុកកិច្ចស្ត្រី និង កុមារ និង អង្គការដៃគូរផងដែរ។
វគ្គផ្សព្វផ្សាយនេះក្នុងគោលបំណងនិង គោលដៅ គឺស្ត្រីទាំងអស់ទទួលបាន នូវសេវាថែទាំ និង សេវាអប់រំ សុខភាព ព្រមទាំងអាហារូបត្ថម្ភនៅពេលមានផ្ទៃពោះហើយកុមារតូចទាំងអស់ទទួលបានការចុះបញ្ជីកំណើត ការ ថែទាំ ពិនិត្យសុខភាពជាប្រចាំ ថ្នាំបង្ការគ្រប់គ្រាន់អាហារូបត្ថម្ភគ្រប់គ្រាន់ និង ទទួលបានការហាត់រៀនពីដំបូងក្នុង នោះកុមារតូចទាំងអស់មានលក្ខណៈត្រៀមជាស្រេចដើម្បីចូលរៀនថ្នាក់ទី១នៅអាយុ៦ឆ្នាំព្រមទាំងបុគ្គលិក បច្ចេកទេស អ្នកថែទាំកុមារតូច មាតាបិតានិង អ្នកអាណាព្យាបាល ។ ក្នុងនោះកុមារតូច ចាប់ពីពេលប្រសូតរហូតដល់ ពេលចូលរៀន មានការរីកចម្រើនផ្នែករាងកាយ ចំណេះដឹងប្រាជ្ញា និង អារម្មណ៍នៅតាមផ្ទះរបស់ខ្លួនព្រមទាំងតាម មណ្ឌលដែលផ្តល់សេវាសុខភាព អាហារូបត្ថម្ភ និង អប់រំប្រកបដោយគុណភាព និង និរន្តរភាព។
មានប្រសាសន៍បើកវគ្គផ្សព្វផ្សាយនោះ ឯកឧត្តម ពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើសមាហរណ កម្មខ្លួនចូលទៅក្នុងតំបន់និង ពិភពលោក និង បានកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងឋានៈជាសមាជិក ស្មើភាព និង ស្មើសិទ្ធិក្នុងកម្រិតតំបន់និង ពិភពលោកហើយកម្ពុជាក៏បានឈានដល់ដំណាក់កាលថ្មីមួយនៃកិច្ចអភិវឌ្ឍន៍មូល ធនមនុស្ស ដែលចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការអប់រំមូលដ្ឋាននិង គុណភាពសិក្សា ដើម្បី បម្រើតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមបានបន្តទៀតថា ដើម្បីទទួលបាននូវមូលធនមនុស្សទាំងនោះ យើងត្រូវចាប់ផ្តើមពីកុមារតូចហើយបរិបទការគាំពារនិងអភិវឌ្ឍន៍កុមារតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុង ការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំដោយមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រ ការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា ។ ឯកឧត្តម ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថាពិធីផ្សព្វផ្សាយគោលនយោបាយ ជាតិ និង ផែនការសកម្មភាពជាតិនេះគឺមានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍កុមារតូចៗនៅកម្ពុជា ដែលឆ្លើយតបទៅ នឹងគោលដៅជាតិអប់រំសម្រាប់ទាំងអស់គ្នានិង ជាភស្តុតាងដែលបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពដល់ក្រសួងអប់រំ និង ក្រសួងពាក់ព័ន្ធ សំខាន់ដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលបានចូលរួមចំណែកក្នុងការគាំពារ និង អភិវឌ្ឍន៍កុមារតូច ។
ឯកឧត្តមបាន លើកឡើងថា តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងនៅឆ្នាំដំបូងៗ នៃជីវិត ខួរក្បាលកុមារតូច មានការលូតលាស់ ល្បឿនលឿនបំផុត ដែលគេអាចគិតជាការតភ្ជាប់ជាមួយប្រព័ន្ធប្រសាទថ្មីៗដែលសកម្មជាងខួរក្បាលមនុស្សពេញ វ័យពីរដង។ក្នុងការសិក្សាស្រាវជ្រាវផ្សេងទៀត ក៏បង្ហាញ ការវិនិយោគមួយដុល្លាសម្រាប់ការគាំពារ និង អភិវឌ្ឍ កុមារតូចនោះ គេនឹងទទួលបានមកវិញនូវសមទ្ធិផលដែលមានតម្លែស្មើ១៧ដុល្លា ។
ក្នុងនោះដែរ ឯកឧត្តមក៏បាន លើកនូវអនុសាស្ត្រសំខាន់ៗរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើង កន្លងមក ដែលជា ប្រទីពឆ្លុះបញ្ចាំងជូនដល់មន្ត្រីទទួលបន្ទុកការងារស្ត្រីនិងកុមារនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅ អនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំកុមារតូចសំខាន់ពីសិទ្ធមានជីវិតរស់ នៅសិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិទទួលបានការគាំពារក្នុង ស្ថានការណ៍មានសង្គ្រាម និង ការពារប្រឆាំង និង ធ្វើអាជីវកម្មសេដ្ឋកិច្ចឬ កាមគុណ លើកុមារ ដែលនាំឲ្យអន្តរាយ ដល់សុខមាលភាពរបស់កុមារ ៕
ដោយ (លុចណាម) សៀមរាប