មណ្ឌលគិរី ៖ ឯកឧត្តមឧត្តមសេនីយ៍ទោ លី សូរ៉ារឹទ្ធ មេបញ្ជាការរងយោធភូមិភាគទី១បានមានប្រសាសន៍ថា ការបំពាក់ឋានន្តរសក្តិនិងផ្លាស់ប្តូរមុខងារ បានបង្ហាញការរីកចំរើនមួយរបស់អង្គភាពតំបន់ប្រតិបត្តិការសឹងរងមណ្ឌលគិរី ដែលមានសកម្មភាពកន្លងមកច្រើនឆ្នាំ ហើយមានលទ្ធផលល្អគួរជាទីមោទនៈ។
ឯកឧត្តមមេបញ្ជាការរងមានប្រសាសន៍បែបនេះ ក្នុងពិធីផ្លាស់ប្តូរមុខងារ និងដំឡើងឋានន្តរសក្តិ នៅតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ២១ ខែធ្នូនេះ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់នាយទាហានពលទាហាននូវ ចំណុចសំខាន់ៗមួយចំនួនដូចជា ទី១គឺត្រូវស្មោះត្រង់ចំពោះមេបញ្ជាការរបស់ ខ្លួនតាមឋានានុក្រម ទី២ត្រូវចេះពង្រឹងនិងពង្រីកការសាមគ្គី ទាំងផ្ទៃក្នុង ទាំង ខាងក្រៅអង្គភាព ព្រមទាំងទំនាក់ទំនងក្រៅប្រទេសផងដែរ ទី៣ មេបញ្ជាការទទួលមុខតំណែងថ្មីត្រូវបន្តការអភិវឌ្ឍន៍ និងពង្រីកការក៏សាងអង្គភាព ឲ្យកាន់ តែប្រសើថែមទៀត ជាពិសេសត្រូវគ្រប់គ្រងកម្លាំងឲ្យបានល្អ ចេះទប់ស្កាត់ បំបាត់នូវរាល់កិច្ចការទាំងឡាយ ដែលឆ្ងាយពីច្បាប់របស់រដ្ឋ ច្បាប់របស់ ខេមរភូមិន្ទ និងបទបញ្ជារបស់មេបញ្ជាការរបស់ខ្លួន ព្រមទាំងធ្វើការអប់រំចិត្តសាស្ត្រដល់កងកម្លាំងជារឿយៗផងដែរ។
ឯកឧត្តមឧត្តមសេនីយ៍ត្រី ឃិន ម៉េងស្រេងមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងមណ្ឌលគិរី បានអោយដឹងថា បច្ចុប្បន្នអង្គភាពកំពុងមានការអភិវឌ្ឍន៍ សមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ ក្នុងនោះមានការសាងសង់ អាគារស្នាក់នៅ របស់កងកម្លាំង អាគារលេខាធិការដ្ឋាន និងអាគារសេនាធិការដ្ឋានជាដើម៕