ស្ពានដែកមួយកន្លែង ដែលជាស្ពានសម្រាប់ធ្វើដំណើរឆ្ពោះមករមណីដ្ឋានទឹកជ្រោះប៊ូស្រា និងជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរទំនិញផលិតផលផ្សេងៗពីទីរួមខេត្តមណ្ឌលគិរី ជាមួយទីរួមស្រុកពេជ្រាដា បានបាក់ហើយ គ្រាដែលស្ពាននោះគេបានមើលឃើញថា មានសភាពទ្រុតទ្រោមបន្តិចហើយ ស្របពេលដែលឡានយីឌុបមួយគ្រឿងដឹកស៊ីម៉ង់ និងឥដ្ឋ ឆ្លងកាត់នោះ ក៏បណ្ដាលឲ្យបាក់តែម្ដង ។
ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ធ្នូ ២០ ១៥ នេះ ស្ថិតនៅចំណុចអូរផ្លាយ ក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ប្រជាពលរដ្ឋបាននិយាយថា មុនពេលស្ពាននេះបាក់គេបានសង្កេតឃើញថា មានឡាន់យីឌុបដឹកដំឡូងមីពេញប្រៀបមួយគ្រឿងឆ្លងកាត់ និងបានធ្វើឲ្យស្ពានប្រភេទបាឡេនេះ ហើបក្បាលស្ពានទាំងសងខាងប្រហែល០១ម៉ែត្រឯណោះ លុះពេលឡាន យីឌុបខាងលើដឹកស៊ីម៉ង់ និងឥដ្ឋ ឆ្លងកាត់នោះក៏បានធ្វើឲ្យបាក់តួស្ពានស្រុតចុះយ៉ាងផុយស្រួយតែម្ដង ។
ប្រភពដដែលបានបន្ត ថា ស្ពានមួយនេះ គេមើលឃើញថា មានសភាពទ្រុតទ្រោមយូរឆ្នាំមកហើយ ដោយស្ពានមួយនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់មកលេងរមណីដ្ឋានទឹកជ្រោះប៊ូស្រា និងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមក ក៏ដូច ជាផ្លាស់ប្ដូរទំនិញ-ផលិតផលនានាពីទីរួមស្រុកពេជ្រាដា-ទីរួមខេត្តមណ្ឌលគិរី ប៉ុន្តែអាជ្ញាធរនិងមន្ត្រីជំនាញហាក់មិនសូវយកចិត្ត ទុកដាក់ក្នុងការត្រួតពិនិត្យ ឬជួសជុលឲ្យស្ពាននេះរឹងម៉ាំឡើយ ហើយសូម្បីតែស្លាកសញ្ញាមួយដាក់បញ្ជាក់ថា ស្ពាននេះមានសភា ពទ្រុតទោម ឬស្ពាននេះទទួលចំណុះបានត្រឹមប៉ុន្មានតោនក៏គ្មានដែរ ។
ប្រភពមួយទៀតពីប្រជាពលរដ្ឋបានលើកឡើងថា ស្ពានប្រភេទបាឡេ មួយនេះ អាជ្ញាធរមិនគួរបណ្ដែតបណ្ដោយឲ្យឡានធំ ៗដឹកទំនិញឆ្លងកាត់នោះទេ ព្រោះសង្កេតមើលទៅស្ពាននេះ អាចទទួលបានត្រឹមតែប្រភេទឡានតូចៗ របស់ប្រជាពលរដ្ឋក៏ដូច ជាភ្ញៀវទេសចរណ៍ធ្វើដំណើរទៅរមណីដ្ឋានទឹកជ្រោះប៊ូស្រាតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមន្ត្រីជំនាញមិនមានការហាមឃាត់ចំ ពោះឡានធំៗឆ្លងកាត់យ៉ាងដូច្នេះនោះ ធ្វើឲ្យឡានដឹកទំនិញធំៗបើកកាត់ស្ពាននេះជាធម្មតា បណ្ដាលឲ្យស្ពាននេះទ្រុតទ្រោម ទៅៗ និងបានបាក់តែម្ដង ។
សូមបញ្ជាក់ថា ក្រោយពេលស្ពានខាងលើនេះបាក់មិនអាចធ្វើដំណើរឆ្លងកាត់បាន ប្រជាពលរដ្ឋបានធ្វើដំណើរតាមផ្លូវ វៀងមួយខ្សែ ប៉ុន្តែផ្លូវវៀងនោះគឺមានសភាពលំបាកខ្លាំងណាស់ និងត្រូវធ្វើដំណើរឆ្លងកាត់ទឹកអូរ ហើយផ្លូវវៀងនេះដែរប្រភេទតូច ៗរបស់ភ្ញៀវទេសចរណ៍មិនអាចធ្វើដំណើរឆ្លងកាត់បានទេ មានតែប្រភេទឡានធំៗ ខ្ពស់ៗ ប៉ុណ្ណោះ ដែលអាចធ្វើដំណើរឆ្លងកាត់ បាន ប៉ុន្តែមានភាពគ្រោះថ្នាក់ ។ ហើយប្រជាពលរដ្ឋក៏បានសំណូមពរដល់អជ្ញាធរ និងមន្ត្រីជំនាញថា ប្រសិនបើខាងលើនេះបាន បាក់ទៅហើយ និងអាចប្រើពេលវេលាយូរក្នុងការជួសជុល ឬស្ថាបនា ដូច្នេះពួកគាត់សំណូមឲ្យអជ្ញាធរ និងមន្ត្រីជំនាញ មេត្តាជួស ជុលផ្លូវវៀងមួយខ្សែ ដែលពិបាកធ្វើដំណើរឲ្យបានល្អ សម្រាប់ឲ្យភ្ញៀវទេសចរណ៍ឆ្លងកាត់ និងសម្រាប់ផ្លាស់ប្ដូរទំនិញ-ផលិលនានា ឆ្លងកាត់ទៅមក ពីទីរួមស្រុកពេជ្រាដានេះ និងទីរួមខេត្តមណ្ឌលគិរី ។
ជុំវិញពត៌មានខាងលើ លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា ចំពោះស្ពានដែលបាក់នេះលោកមិនអាច បញ្ជាក់ពីមូលហេតុថា មកពីឡានដឹកធ្ងន់ពេក ឫមួយមកពីស្ពានទ្រុតទ្រោមនោះទេ ទាល់តែមន្ត្រីជំនាញនៃមន្ទីរសាធារណៈ ទើប អាចវាយតំលៃបាន ។
លោកអភិបាលបានបន្តថា បន្ទាប់ពីមានការណែនាំពីលោកអភិបាលខេត្ត ខណៈនេះមន្ទីរសាធារណៈការ កំពុងដឹកជញ្ជូនសំភារៈមកកាន់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។
ជាមួយគ្នានេះដែរ លោក ម៉ៅ ធនរក្ស បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់មន្ទីរសាធារណៈការណ៍ មូលហេតុដែលធ្វើ ឲ្យស្ពាននេះបាក់បណ្ដាលមកពីឡានយីឌុប ដែលដឹកទំនិញឆ្លងកាត់នោះធ្វើឲ្យបាក់ស្ពាននោះ ដឹកលើសទម្ងន់ ហើយនៅរសៀល ថ្ងៃទី២២ ធ្នូ ២០១៥ សមត្ថកិច្ចនឹងកោះហៅម្ចាស់ឡានដឹកទំនិញនោះ មកជួបដោះស្រាយនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌ លគិរី ។
លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ស្ពានដែលបាក់នេះ ជាប្រភេទស្ពានបាឡេឌូសាន់ មានប្រវ៉ែង៣៩ម៉ែត្រ ទទឹង៤.២ ម៉ែត្រ ហើយបច្ចុប្បន្នលោកកំពុងបញ្ជូនគ្រឿងចក្រមកជួសជុលផ្លូវវៀងដែលលំបាកធ្វើដំណើរនោះ ឲ្យប្រជាពលរដ្ឋធ្វើដំណើរជា បណ្ដោះអាសន្ន ព្រោះស្ពានដែលបាក់នោះមិនអាចជួសជុលបានទេ ៕